កម្ពុជា-អូស្រ្តាលីដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ និងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងអូស្រ្តាលី ដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២ និងប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២ រួមមាន៖ ទី១. កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និង ទី២. កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលក្នុងនោះរួមមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ដើមកំណើតទំនិញ (Self-Certification) និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើតទំនិញជាអន្តរជាតិ (Rule of Origin International Verification System) ដើម្បីជាជំនួយដល់ធុរជនក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពុជាជាប្រទេសហត្ថលេខី។
លោករដ្ឋមន្ត្រី បានថ្លែងថា សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ, តម្រូវការរបស់អ្នកប្រើប្រាស់, វិធានការអនាម័យនិងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយផ្សេងទៀត, ការប្រើប្រាស់ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។ បន្ថែមពីនេះ ដំណាំ និងកសិផលដែលបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះ រួមមាន៖ ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក បឺរ ល្ង និងផ្លែឈើកែច្នៃ។ ព័ត៌មានទាំងនេះ គឺមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។
ចំពោះ សៀវភៅព័ត៌មានស្តីពី កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឯកឧត្តមរដ្ឋមន្ត្រីបន្តថា វានឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (Cambodia-People’s Republic of China FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម។ លើសពីនេះ សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
ដោយឡែក ថ្នាលឌីជីថលតែមួយវិញ លោករដ្ឋមន្ត្រីបន្ថែមថា គ្រោងអភិវឌ្ឍឡើងតាមលំអានរបស់គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា។ ម្យ៉ាងទៀតថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា សៀវភៅទាំងពីរខាងលើត្រូវបានរៀបរៀងឡើងដោយមានការគាំទ្រពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ហើយថ្នាលឌីជីថលតែមួយ ត្រូវបានគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយទៀតរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថាកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED)។
លោករដ្ឋមន្រ្តី លើកឡើងទៀតថា ក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី CAP RED សម្រាប់ការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ព្រោះគម្រោងនេះនឹងជួយកម្ពុជាក្នុងការសម្រេចបានយ៉ាងពេញលេញនូវការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀង ATIGA, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង RCEP។
ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជាហើយអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ។ ឯកអគ្គរាជទូត សង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី ហើយនឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រួមទាំងភាពជាដៃគូកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្តាលី និងការគាំទ្រតាមរយៈកម្មវិធីពាណិជ្ជកម្មក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D)។
សូមជម្រាបជូនថា៖ CAP RED គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអូស្ត្រាលី នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៨៧ លានដុល្លារអូស្រ្តាលី។ CAP RED នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរៀបចំខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ការលើកកម្ពស់គោលនយោបាយ និងការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយបរិយាបន្ន និងកសាងប្រព័ន្ធដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ។ កម្មវិធីនេះក៏នឹងគាំទ្រដល់កំណើនសហគ្រាសធុនតូច និងមធ្យម (ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី),លើកកម្ពស់ការកែច្នៃកសិផល និងគាំទ្រខ្សែសង្វាក់តម្លៃកសិកម្ម, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ ឯកជន និងស្រាវជ្រាវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវនវានុវត្តន៍កសិម្ហូបអាហារ និងស្តង់ដារម្ហូបអាហារ, ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានបច្ចេកវិទ្យា, ហិរញ្ញវត្ថុ និងផលិតភាពប្រកបដោយគុណភាព, និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីកែលម្អរការប្រើប្រាស់ថាមពល។ CAP RED ផ្តោតយ៉ាងខ្លាំងលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅគ្រប់សកម្មភាពរបស់ខ្លួន៕