កម្ពុជា-កូរ៉េ ប្រជុំពិគ្រោះយោបល់លើគម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា
ភ្នំពេញ : នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណ:កម្មការប្រតិបត្តិគម្រោងផែនការមេសញ្ញាជំនួយនាវាចរណ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីជំនាញ និងក្រុមអ្នកជំនាញការ នៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េមួយចំនួនផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជាព័ត៌មានបន្ថែមបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លងកាត់ការផ្លាស់ប្ដូរមតិយោបល់យ៉ាងផុលផុសក្នុងអង្គប្រជុំ ភាគីកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកជំនាញការ នៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ ដែលបានជួយកម្ពុជាក្នុងគម្រោងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ។
ជាមួយគ្នានោះ ភាគីកម្ពុជាបានស្នើឱ្យក្រុមអ្នកជំនាញការកូរ៉េផ្តល់ជាអនុសាសន៍ណែនាំអំពីការរៀបចំដំណើរការពោងសញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា និងសិក្សាលម្អិតលើលទ្ធភាពនៃការប្រើប្រាស់ពោងសញ្ញា បង្គោលសញ្ញា ឬបង្គោលបំភ្លឺផ្លូវនាវាចរណ៍ ដើម្បីជាជំនួយដល់សុវត្ថិភាពនាវាចរណ៍ ព្រមទាំងស្នើឱ្យសិក្សាលម្អិតលើលក្ខណៈរូប និងលក្ខណៈបច្ចេកទេស រួមទាំងបច្ចេកវិទ្យាថ្មីៗសម្រាប់ផលិត និងប្រើប្រាស់ឱ្យបានយូរអង្វែងនូវពោងសញ្ញានាវាចរណ៍ផងដែរ៕