Close

រដ្ឋសភាទទួលយកសេចក្តីព្រាងក្រមបរិស្ថាន ធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកពិនិត្យសិក្សា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋសភាទទួលយកសេចក្តីព្រាងក្រមបរិស្ថាន ធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកពិនិត្យសិក្សា រដ្ឋសភាទទួលយកសេចក្តីព្រាងក្រមបរិស្ថាន ធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកពិនិត្យសិក្សា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភាពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី (វិមានសន្តិភាព) គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖

១. សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

នៅថ្ងៃដដែលនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ ទន្ទឹមនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានសម្រេចអនុម័តលើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន” ផងដែរ៕

អត្ថបទទាក់ទង