Close

យោធាអាមេរិករាប់រយនាក់ទៅដល់ព្រំដែនមិកស៊ិកូដើម្បីរាំងខ្ទប់សកម្មភាពឆ្លងដែនខុសច្បាប់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
យោធាអាមេរិករាប់រយនាក់ទៅដល់ព្រំដែនមិកស៊ិកូដើម្បីរាំងខ្ទប់សកម្មភាពឆ្លងដែនខុសច្បាប់ យោធាអាមេរិករាប់រយនាក់ទៅដល់ព្រំដែនមិកស៊ិកូដើម្បីរាំងខ្ទប់សកម្មភាពឆ្លងដែនខុសច្បាប់

បរទេស ៖ មន្ត្រីយោធាអាមេរិកនៃក្រសួងការពារជាតិកាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថា កងកម្លាំងយោធារបស់អាមេរិកប្រមាណជា៥៥០នាក់បានធ្វើដំណើរទៅដល់តំបន់ព្រំដែនប្រទេសមិកស៊ិកូហើយដោយរំពឹងថានឹងអាចបិទបានទាំងស្រុងនូវសកម្មភាពអន្តោប្រវេសខុសច្បាប់នៅក្រោយការបញ្ចប់ទៅនៃការរឹតត្បិតតំបន់ព្រំដែនក្នុងគ្រាមានវិបត្តិកូវីដ។

ក្រុមយោធាដំបូងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់អាមេរិកដើម្បីទប់ទល់នូវការវិលត្រឡប់នៃសកម្មភាពអន្តោប្រវេសតាមតំបន់ព្រំដែនស្ថិតនៅភាគខាងត្បូងប្រទេសជាមួយនឹងមិកស៊ិកូក្នុងគ្រាដែលច្បាប់រឹតត្បិតពេលប្រទេសជួបវិបត្តិរាតត្បាតនឹងត្រូវបញ្ចប់ទៅនៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ហើយមិនត្រឹមតែប៉ុណ្ណោះនឹងត្រូវបានគេរំពឹងទុកថានឹងចាប់ផ្តើមមានសកម្មភាពលួចឆ្លងដែនយ៉ាងខ្លាំងក្លាឡើងវិញបន្ទាប់ពីថ្ងៃបញ្ចប់ច្បាប់រឹតត្បិតនេះ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់មន្ទីរប៉ង់តាហ្គោនបានបញ្ជាក់ថា កងកម្លាំងទាំងនោះនឹងត្រូវធ្វើការងារផ្តោតសំខាន់ទៅលើកិច្ចការងារជួយត្រួតពិនិត្យទៅលើតំបន់ព្រំដែនផង ទៅលើកិច្ចការងារគាំទ្រផង និងបញ្ចូលទិន្នន័យផង ប៉ុន្តែមិនធ្វើការងារពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងអន្តោប្រវេសនោះទេ ហើយក៏ស្ថិតនៅក្នុងគោលបំណងសំខាន់មួយទៀតគឺជួយដល់ក្រុមការងារគយ និងកងកម្លាំងការពារព្រំដែនក្នុងការប្រើប្រាស់ និងអនុវត្តច្បាប់ដើម្បីការពារសកម្មភាពអន្តោប្រវេសខុសច្បាប់ទាំងឡាយ។

គួរឲ្យដឹងដែរថា ក្រោយការមកដល់នៃក្រុមកងកម្លាំងយោធាកញ្ចប់នេះរួច តាមផែនការអាមេរិកក៏នឹងបញ្ចូនកងកម្លាំងយោធាបន្ថែមមកជួយដល់បេសកកម្មប្រមាណជា៩០០នាក់ផ្សេងទៀតផងដែរបូករួមទាំងទាហានម៉ារីន និងកងកម្លាំងពីឡុតបើកយន្តហោះផងដែរ ហើយនឹងរៀបចំឲ្យបានចប់រួចរាល់នៅត្រឹមចុងខែឧសភានេះ។

ជាទូទៅ សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិគឺតែងតែបានផ្តល់សិទ្ធិឱ្យជនចំណាកស្រុកស្វែងរកសិទ្ធិជ្រកកោនប៉ុន្តែកន្លងមកសហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់មាត្រាទី៤២នៃច្បាប់សុខភាពសាធារណៈរបស់ខ្លួនដើម្បីបណ្តេញជនចំណាកស្រុកដែលមិនមានឱកាសជ្រកកោនចំនួន២,៨លាននាក់រួចមកហើយគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ក្រោមហេតុផលការពារការរីករាលដាលវិរុសកូវីដ១៩៕

អត្ថបទទាក់ទង