Close

កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនបន្ថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ សង្គម
កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនបន្ថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំនេះ កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនបន្ថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំនេះ

តូក្យូ, ជប៉ុន ៖ ដោយសារតែទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន មានការកើនឡើងជាលំដាប់ កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំ2023 នេះ ដើម្បីឆ្លើយតប និងសម្រួលដល់ការធ្វើពាណិជ្ជ ក៏ដូចជាវិនិយោគរវាងប្រទេសទាំងពីរ។

លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីឆ្នាំ2022 កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន សម្រេចបានជាង 2,454 លានដុល្លារ ក្នុងនោះជប៉ុននាំចេញទៅកម្ពុជា មានទឹកប្រាក់ប្រមាណ 515 លានដុល្លារ និងនាំចូលពីកម្ពុជាមកវិញ មានទឹកប្រាក់ប្រមាណ 1,939 លានដុល្លារ។

លោករដ្ឋមន្រ្តីប្រតិភូ បានបង្ហាញទិន្នន័យនេះ នាឱកាសដឹកនាំប្រតិភូចូលរួមពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍កម្ពុជា2023» ដែលរៀបចំឡើងនៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងពិធីបើកនេះដែរ មានការចូលរួមពីសំណាក់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និង លោក TAKAGI Kei អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ព្រមទាំងមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ។

ក្នុងអំឡុងពេលចូលរួមពិព័រណ៍កម្ពុជានេះដែរ លោក ឈួន ដារ៉ា បានសហការជាមួយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញដឹកនាំប្រតិភូចុះទៅពិនិត្យមើលមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា និងជួបពិភាក្សាជាមួយប្រធានគ្រប់គ្រងមជ្ឈមណ្ឌល ដើម្បីជួយសម្រួលឱ្យមជ្ឈមណ្ឌលដំណើរការទៅមុខដោយជោគជ័យ។

លោក ឈួន ដារ៉ា ក៏បានជួបជាមួយក្រុមហ៊ុនជប៉ុនធំៗមួយចំនួន ដើម្បីពិភាក្សា និងជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាថែមទៀត នៅទីក្រុងទូក្យូ និងទីក្រុងអូសាកា ក្នុងឆ្នាំ2023 នេះ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រតិភូ បានចាត់ទុកថា ការចូលរួមពិព័រណ៍កម្ពុជានៅពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរ សេវាកម្ម គម្រោងវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានការទទួលស្គាល់ក្នុងទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។

ឈួន ដារ៉ា បានគូសបញ្ជាក់ «តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា និងពិព័រណ៍ពិភពលោក 2025 ខ្ញុំរំពឹងថាកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានវឌ្ឍភាពល្អឡើងថែមទៀត»។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍កម្ពុជាឆ្នាំ 2023 នេះ មានរៀបចំកម្មវិធីសម្តែងសិល្បៈបុរាណខ្មែរ និងតន្រ្តីសម័យ ហើយមានស្តង់ប្រមាណ 100 ស្តង់ បានដាក់តាំងបង្ហាញឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ប្រពៃណីខ្មែរ និងទេសចរណ៍ ព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មខ្មែរ ដូចជា៖ អង្ករ ម្រេច ស្ករត្នោត កាហ្វេ នំស្រួយ សូត្រខ្មែរ ក្រម៉ាខ្មែរ ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនា។ នៅក្នុងនោះ ទំនិញអង្ករ ម្រេច និងសូត្រខ្មែរ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ និងការបញ្ជាទិញជាបន្តបន្ទាប់ពីភ្ញៀវទេសចរ និងប្រជាជនជប៉ុន៕

អត្ថបទទាក់ទង