ឆ្លៀតពីការងារ គ្រូបង្រៀនម្នាក់ផលិតកាបូបចេញពីដើមចេកជួយវ័យស្ត្រីចំណាស់ក្នុងសហគមន៍
(បាត់ដំបង)៖ កន្លងមកគេធ្លាប់តែឃើញមានសិប្បកម្មមួយចំនួនប្រើប្រាស់កំប្លោកទៅកែច្នៃចេញជាកាបូប ឬរបស់ប្រើប្រាស់មួយចំនួន ប៉ុន្តែថ្មីៗនេះក៏មានផងដែរនូវការយកដើមចេកទៅច្នៃ ហើយពិតណាស់ ការច្នៃនេះគឺធ្វើឡើងជាលក្ខណៈគ្រួសារ និងធ្វើឡើងដោយដៃ។
អាជីវកម្មកែច្នៃដើមចេកនេះ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០២១ ជាពេលវេលាដែលគ្រប់ប្រទេសនៅលើពិភពលោកកំពុងតែប្រឈមមុខនឹងជំងឺកូវីដ១៩នៅឡើយ។ កើតចេញពីការចំណង់ចំណូលចិត្តកែច្នៃដោយដៃ កាលណោះប្អូនប្រុសរបស់កញ្ញា ឆាប សុឃឿប បានច្នៃដើមចេកឲ្យចេញទៅជាកន្ត្រកសម្រាប់ដាក់របស់របរទៅចំការ។
ដោយភ្ញាក់ផ្អើលនូវគំនិតច្នៃប្រឌិតរបស់ប្អូនប្រុស កញ្ញា ចាប សុឃឿប ដែលមានអាជីពជាគ្រូបង្រៀន បានពិភាក្សាជាមួយប្អូនប្រុសក្នុងការបង្កើតជាអាជីវកម្មមួយច្បាស់លាស់តែម្ដង។ ជាជំហានដំបូង កញ្ញាគ្រាន់តែសាកល្បងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកសិន ហើយជាលទ្ធផលគឺមានផ្ទុះការចាប់ អារម្មណ៍ច្រើន និងមានអ្នកសួររកចង់ទិញទៅប្រើប្រាស់ជាដើម។ ពេលនោះហើយដែល សិប្បកម្ម«អនុសារតម្បាញចេកខ្មែរ» បានចេញជារូបរាងឡើងជាផ្លូវការ។
យ៉ាងណាមិញ ដើម្បីអាចផ្គត់ផ្គង់តម្រូវការអតិថិជន ត្រឹមអ្នកផលិតតែម្នាក់គឺច្បាស់ជាមិនគ្រប់គ្រាន់ នោះទេ ដូច្នោះហើយ កញ្ញា ចាប សុឃឿប ក៏បំផុសជាគំនិតមួយដោយបង្រៀនស្ត្រីចំណាស់ៗនៅក្នុង សហគមន៍ដែលមានជីវភាពខ្វះខាត ឲ្យចេះពីរបៀបត្បាញសសៃចេកទៅជាកាបូប ចំណែកខ្លួនជាអ្នករក ទីផ្សារលក់។
រហូតមកដល់បច្ចុប្បន្ន អាជីវកម្មរបស់គ្រូបង្រៀនរូបនេះបានដំណើរការទៅដោយរលូន ហើយនេះក៏មាន ន័យថាតិចឬច្រើន កញ្ញា និងប្អូនប្រុសបានរួមចំណែកក្នុងការជួយបង្កើតការងារជូនស្ត្រីនៅក្នុងសហគមន៍។
បើតាមការឲ្យដឹងរបស់កញ្ញា ចាប សុឃឿប៖ «បច្ចុប្បន្ននេះផលិតផលសំខាន់ៗរបស់ខ្ញុំមាន ២ គឺកន្ត្រកសម្រាប់ដាក់កែវទឹក និងកាបូបយួរដៃ ចំណែកឯផលិតផលផ្សេងទៀតក៏មានគេកុម្ម៉ង់ដែរតែគ្រាន់តែមិនមានពេលធ្វើគ្រប់គ្រាន់ ដោយសារតែរវល់បង្រៀនផង»។
នៅក្នុងដំណើរការត្បាញឯណោះវិញ ទម្រាំអាចបានចេញជាកាបូបមួយគឺត្រូវការពេលវេលាពី ៣ទៅដល់ ៥ថ្ងៃ ដូច្នេះហើយតម្លៃរបស់ផលិតផលក៏ត្រូវលក់ឲ្យស័ក្កសមជាមួយនឹងកម្លាំពលកម្មផងដែរ។ ប៉ុន្តែដោយមាន ការរអ៊ូរទាំពីសំណាក់អតិថិជនមួយចំនួនតូច កញ្ញា ចាប សុឃឿន បានសំណូមពរឲ្យមានការយោគយល់ ក៏ដូចជាសុំឲ្យមានការគាំទ្រផលិតផលខ្មែរដែលធ្វើដោយដៃ។
បើទោះបីជាអាជីវកម្មកញ្ញាហាក់មិនមានឧបសគ្គធំដុំ ប៉ុន្តែកញ្ញាមានបំណងចង់ពង្រីកអាជីវកម្មនេះឲ្យធំ ជាងមុន ពោលគឺពង្រីកទំហំសិប្បកម្មកែច្នៃ និងជាពិសេសអាចជួយពលរដ្ឋដែលមិនមានការងារធ្វើនៅក្នុងឃុំភ្នំសំពៅបន្ថែមទៀត។
ម្យ៉ាងទៀត កញ្ញាក៏ចង់សិក្សាបន្ថែមដើម្បីឈានទៅពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីអាច ប្រើប្រាស់បានយូរអង្វែង មិនខុសពីកាបូបផ្សេងៗទៀត៕