Close

ស្វែងយល់ពីព្រះរាជពិធីច្រត់ព្រះនង្គ័ល

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ សង្គម
ស្វែងយល់ពីព្រះរាជពិធីច្រត់ព្រះនង្គ័ល ស្វែងយល់ពីព្រះរាជពិធីច្រត់ព្រះនង្គ័ល

កំពង់ធំ ៖ អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។

ជារៀងរាល់ឆ្នាំ នៅថ្ងៃ ៤ រោច ខែពិសាខ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល»។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ប្រទេសកម្ពុជា ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។

គោ ១ នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។

ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផងដែរ។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។

នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរបែបភូទួន។ ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ ៧ យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ។

សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង ៧ យ៉ាង គឺដឹកទៅជិតរបស់ ៧ យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹក ចំពោះអាហារណានីមួយៗទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាសផ្សាយ។

សូមជម្រាបដែរថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ប្រព្រឹត្តទៅនៅក្នុងបរិវេណកីឡដ្ឋានខេត្តកំពង់ធំថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង