Close

ក្រសួងមហាផ្ទៃបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ក្រសួងមហាផ្ទៃបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីឱ្យដំណើរការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឆាប់បានឈានដល់ការបញ្ចប់ទាំងស្រុងយ៉ាងឆាប់រហ័ស។

ក្រសួងមហាផ្ទៃ កាលពីនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថា ផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យក្រុមការងារបន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលម្អិតបន្ថែមលើការងារដែលនៅសេសសល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីឱ្យដំណើរការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះឆាប់បានឈានដល់ការបញ្ចប់ទាំងស្រុងយ៉ាងឆាប់រហ័ស។

ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានបន្តថា មកដល់បច្ចុប្បន្ននៅកម្ពុជា ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ មានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ ហើយក្នុងនោះក៏មានការប្រើប្រាស់ក្នុងវិស័យមួយចំនួនបានធ្វើឱ្យប៉ះពាល់ ក៏ដូចជាកំពុងធ្វើឱ្យមានការព្រួយបារម្មណ៍ចំពោះវិស័យសន្តិសុខជាតិផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា ជាការពិតណាស់ បើតាមផែនការនៃការគ្រោងទុករបស់រាជរដ្ឋាភិបាល ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ត្រូវបញ្ចប់ និងដាក់ឱ្យអនុវត្តបម្រើដល់ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅមុនការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ប៉ុន្តែតែសេចក្តីព្រាងអនុក្រឹត្យនេះនៅមិនទាន់បានបញ្ចប់នៅឡើយ។

 

សម្រាប់ជាផែនការបន្ទាប់ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រុមការងារក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការពិនិត្យ និងពិភាក្សាលើការងារដែលនៅសេសសល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ត្រូវបានបញ្ចប់នៅមុនព្រឹត្តិការណ៍នៃរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមនោះដែរ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះឡើង និងបានរៀបចំដំណើរការកិច្ចប្រជុំពិភាក្សា ពិនិត្យ និងពិគ្រោះយោបល់ផ្តល់ធាតុចូលជាច្រើនលើកច្រើនសារនាពេលកន្លងមក។

ឯកឧត្តម ក៏បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមឯកភាពចំពោះក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីអាកាសយានគ្មានមនុស្សបើក (ដ្រូន) នេះឱ្យបានចប់មុនពេលព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខដើម្បីសម្រាប់បម្រើដល់ការរៀបចំវិស័យសន្តិសុខ សណ្តាប់ធ្នាប់ជាតិ ឱ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង