Close

កម្ពុជា ជាប់ជាប្រទេសជ័យលាភីក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា ជាប់ជាប្រទេសជ័យលាភីក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ កម្ពុជា ជាប់ជាប្រទេសជ័យលាភីក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ

ភ្នំពេញ ៖ កម្ពុជាបានជាប់លំដាប់ថ្នាក់ជាប្រទេសជ័យលាភីក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាព និងមានរបៀបរៀបរយ ហៅកាត់ថា GCM country ដែលនៅក្នុងតំបន់អាស៊ី មានតែចំនួន ៦ ប្រទេសប៉ុណ្ណោះទទួលបានជ័យលាភីនេះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកស្រី Sarah Lou Arriola ប្រធានអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបតែតាំងថ្មី ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា សម្ដេចក្រឡាហោមជឿជាក់ថា អង្គការ IOM និងក្រសួងមហាផ្ទៃ នឹងបន្ដពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ទន្ទឹមនេះ លោកស្រីប្រធានអង្គការ IOM សម្ដែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានទទួលតួនាទីប្រកបដោយជោគជ័យជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងទៅ។ លើសពីនេះ លោកស្រី ក៏សូមអបអរសាទរចំពោះកម្ពុជា ជាប់ជាប្រទេសជ័យលាភី ក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាព និងមានរបៀប រៀបរយ ហៅកាត់ថា GCM country ដែលនៅក្នុងតំបន់អាស៊ី មានតែចំនួន ៦ប្រទេសប៉ុណ្ណោះទទួលបានជ័យលាភីនេះ។

លោកស្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា សមិទ្ធផលដែលកម្ពុជា ខិតខំសម្រេចបានក្នុងការក្លាយជា GCM country នេះ។ លោកស្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដោយដើរស្របតាមផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិ ដែលបានកំណត់នៅលើការងារនេះ។

លោកស្រី បានជម្រាបជូនបន្ថែមដែរថា ស្ថានភាពការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនូវប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន បានសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរទៅលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។ លោកស្រី សង្ឃឹមជឿជាក់ថា នឹងអាចយកបទពិសោធន៍ទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។

លោកស្រី បានថ្លែងកោតសរសើរចំពោះអាជ្ញាធរអន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ជាពិសេសក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍តាមព្រំដែន បានផ្តល់កិច្ចសហការដ៏ល្អក្នុងការគ្រប់គ្រងត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់នូវការថែទាំយកចិត្តទុកដាក់ចំពោះជនទេសន្ដរប្រវេសន៍ចូលមកកម្ពុជា ការត្រួតពិនិត្យនូវឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចការនេះជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំងអំពើជួញដូរមនុស្សផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះអ្វីដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ ទន្ទឹមនេះសម្ដេចក្រឡាហោម ក៏បានជម្រាបជូនដោយសង្ខេបអំពីកិច្ចការមួយចំនួនទៀតដែលកម្ពុជាបាន នឹងកំពុងខិតខំធ្វើ គឺទីមួយពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ដែល កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះកាលពីដើមឆ្នាំ២០២៣ ហើយទន្ទឹមនោះ ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះយ៉ាងសកម្មដែរ។

សម្ដេចក៏សង្ឃឹមជឿជាក់ថា តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អៗរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម បានលើកទឹកចិត្តឲ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការងារនេះផងដែរ។

លោកស្រីប្រធានអង្គការ បានសម្ដែងសេចក្ដីរីករាយ និងបានគូសបញ្ជាក់ថាបន្ថែមថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និទ្ធ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដែលមានព្រំដែនជាប់ៗគ្នារវាងប្រទេសមួយទៅប្រទេសមួយ ទាមទារជាចាំបាច់នូវការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។ លោកស្រីក៏បានជម្រាបជូនដែរថា ប្រទេសទាំងអស់ សុទ្ធតែមានតួនាទីសំខាន់ៗក្នុងការរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។

សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានចែករំលែកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍នេះ និងសូមជូនពរលោកស្រីប្រធានអង្គការ IOM ទទួលបានជោគជ័យក្នុងបេសកម្មការងារផងដែរ៕

អត្ថបទទាក់ទង