Close

ចក្រភពអង់គ្លេស គ្រោងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីដល់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ចក្រភពអង់គ្លេស គ្រោងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីដល់កម្ពុជា ចក្រភពអង់គ្លេស គ្រោងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីដល់កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដល់កម្ពុជា ទោះបីកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country)។

ឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់បែននេះនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានឱ្យដឹងថា ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។

ឯកឧត្តម ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣។ ភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។

ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍ដូច្នេះថា ៖«ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS»។

ឯកឧត្តមបានថ្លែងបន្តថា ៖«តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម»។

មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខដើម្បីជម្រុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។

គួររំលឹកផងដែរថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេសបានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសគឺ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជាគឺរថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕

អត្ថបទទាក់ទង