កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ៣០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យដឹកជញ្ជូន
ភ្នំពេញ៖ កម្ពុជាត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់វិស័យដឹកជញ្ជូន ដែលជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ និងជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធី “វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣” (Transport and Logistics Forum 2023) ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈពេលនេះកម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយ ២០២២-២០៣០ (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។
ឯកឧត្តមបានបញ្ជាក់ថា ៖«គម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក នឹងត្រូវអនុវត្តក្នុងរយៈពេល ១០ឆ្នាំខាងមុខ»។
បន្ថែមពីលើនោះ គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅជាបួនគន្លង ពីផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)៕