Close

ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីវាយតម្លៃខ្ពស់ចំពោះភាពររីកចម្រើនរបស់កម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ សង្គម
ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីវាយតម្លៃខ្ពស់ចំពោះភាពររីកចម្រើនរបស់កម្ពុជា ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីវាយតម្លៃខ្ពស់ចំពោះភាពររីកចម្រើនរបស់កម្ពុជា

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយនឹងប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញ និងពង្រឹងទំនាក់ទំនងរវាងវិនិយោគិនឯកជនពីប្រទេសអូស្ត្រាលី។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Justin Kevin Wayatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

លោក Justin Kevin Wayatt ដែលបានវិលត្រឡប់មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជាម្តងទៀត បន្ទាប់ពីរយៈពេលជាង 20 ឆ្នាំកន្លងមក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិនេះ លោកបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការជំរុញ និងពង្រឹងទំនាក់ទំនងរវាងវិនិយោគិនឯកជនពីប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងអភិវឌ្ឍន៍ថ្មីៗរបស់កម្ពុជា បាន និងកំពុងអនុវត្ត ដើម្បីលើកកម្ពស់ ការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ក្នុងនោះរួមមាន៖ ការរៀបចំផែនការមេភស្តុភារកម្ម គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គម្រោងផ្លូវល្បឿនលឿន និងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនជាដើម។

ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តអគ្គិសនី ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ ដោយកាលពីថ្ងៃទី24 ខែមីនា កន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនីផងដែរ។

គួររម្លឹកដែរថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ នៅតែមានជាបន្តបន្ទាប់ ជាពិសេសចំពោះជំនួយនានាពាក់ព័ន្ធនឹងការងាររៀបចំស្តង់ដារបច្ចេកទេសផ្លូវថ្នល់ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ និងការរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រងសំណល់រាវ ដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មកកម្ពុជាជាហូរហែតាមរយៈ កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)។ កម្មវិធីនេះក៏ផ្តល់ជំនួយទៅដល់ការបង្កើតភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញពីចំណាប់អារម្មណ៍លើប្រព័ន្ធភស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ប្រតិបត្តិការឃ្លាំងផ្ទេរផ្ទុកទំនិញត្រជាក់នេះ នឹងផ្តល់សេវាកម្មភស្តុភារកម្ម ដែលអាចគ្រប់គ្រងសីតុណ្ណភាព Temperature Controlled Logistics (TCD) ការដឹកជញ្ជូនក្នុងរយៈពេលវែង និងជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដូចជាជួយផ្តល់ឱកាសការងារដល់ប្រជាជន បម្រើដល់ក្រុមហ៊ុនកសិឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃម្ហូបអាហារ ក្រុមហ៊ុនឱសថ ក្រុមហ៊ុនលក់រាយផ្នែកចំណីអាហារ និងអាជីវកម្មបដិសណ្ឋារកិច្ច មានសណ្ឋាគារ/ភោជនីយដ្ឋាន ជាដើម។

ក្នុងកាលៈទេសៈដែលកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការគាំទ្រ និងផ្តល់កម្លាំងចិត្ត ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះសារជាថ្មីម្តងទៀត ក្នុងរយៈពេលជាង 60 ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ហើយជឿជាក់ថានឹងទទួលបានជោគជ័យ នឹងជាកិត្តិយសថ្មីមួយទៀតក្នុងវិស័យកីឡា៕

អត្ថបទទាក់ទង