កម្ពុជាកំពុងជំរុញផែនការពង្រីកការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបារាំង
ភ្នំពេញ ៖ កម្ពុជាបាន និងកំពុងសម្លឹងមើលឱកាសដើម្បីជំរុញផែនការពង្រីកវិសាលភាពនៃការនាំចេញកសិផលផ្លែស្វាយស្រស់ទៅកាន់ទីផ្សារបារាំង និងទីផ្សារអឺរ៉ុប ស្របពេលដែលការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺមានដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន លោកស្រី Marion Chaminade ទីប្រឹក្សាកសិ-អាហារ (Agri-Food Counsellor) ថ្នាក់តំបន់ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានថ្លែងថា នេះគឺជាជំនួបលើកទី២រវាងឯកឧត្តមជាមួយលោកស្រី បន្ទាប់ពីបានជួបលើកទី១ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំងកាលពីចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ជាមួយការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅប្រទេសបារាំង លោកស្រី Marion Chaminade បញ្ជាក់ថា លក្ខខណ្ឌត្រូវបំពេញសម្រាប់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសបារាំង ឬការនាំចេញកសិផលទៅកាន់ប្រទេសបារាំងគឺដំណើរការតាមនីតិវិធីដូចគ្នាទៅនឹងប្រទេសផ្សេងទៀត។
លោកស្រីបានថ្លែងបន្តថា ដើម្បីអាចនាំចេញទៅកាន់ទីផ្សារនៅប្រទេសបារាំងបាន កសិផលទាំងនោះត្រូវបំពេញតាមលក្ខខណ្ឌតម្រូវនានាពាក់ព័ន្ធនឹងកម្រិតសំណល់ថ្នាំកសិកម្ម មានវិញ្ញាបនប័ត្រភូតគាមអនាម័យ មានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយគ្នា និងសេចក្តីជូនដំណឹងស្តីពីការពុំមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (មានភ្ជាប់ជាមួយនូវសត្វល្អិតចង្រៃហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើសកម្រិតអនុញ្ញាត)។ល។
យោងតាមរបាយការណ៍នាំចេញផលិតផលកសិកម្មបានបង្ហាញថា រយៈពេល១១ខែ ឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលពីផ្លែស្វាយសរុប ១៦៩,៦៥៨ តោន ធ្លាក់ចុះ ៣០,២៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានចំនួន ២៤៣,៣៥៥ តោន។ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់ មានចំនួន ១៥២,៩៩៥ តោន ធ្លាក់ចុះ ៣២,៤៧ភាគរយ ពីចំនួន ២២៦ ៥៧៧,៧១ តោន នារយៈពេលដូចគ្នាឆ្នាំ ២០២១ និងការនាំចេញតំណាប់ស្វាយ សម្រេចបាន ១៦,៦៦៣,៥ តោនធ្លាក់ចុះ ០,៦៨ភាគរយ ពីចំនួន ១៦,៧៧៧,៨២ តោន។
សូមបញ្ជាក់ផងថា តាមអគ្គនាយកដ្ឋានកសិកម្ម ដែលបានបញ្ជាក់កាលពីពេលកន្លងមក កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោន ក្នុងមួយរដូវ៕