រដ្ឋមន្ត្រីការពារជាតិអាមេរិករំពឹងទុកថាស៊ុយអែតអាចចូលជាសមាជិកណាតូបានចន្លោះខែកក្កដា
បរទេស ៖ មុនជំនួបទ្វេភាគីជាមួយនឹងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសស៊ុយអែតកាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអាមេរិកលោក Lloyd Austin បានធ្វើការលើកឡើងអំពីក្តីរំពឹងទុករបស់ខ្លួនថាបេក្ខភាពស៊ុយអែតជាសមាជិកផ្លូវការអង្គការណាតូនឹងអាចធ្វើឡើងយ៉ាងហោចណាស់ឆ្នាំនេះពាក់កណ្តាលខែកក្កដាខាងមុខ។
ស៊ុយអែតត្រូវបានគេមើលឃើញថាបានខិតខំព្យាយាមយ៉ាងខ្លាំងតាមលក្ខខណ្ឌរបស់អង្គការណាតូដើម្បីក្លាយជាសមាជិកសម្ព័ន្ធមិត្តពេញសិទ្ធិបន្ទាប់ពីហ្វាំងឡង់ហើយជាពិសេសរយៈពេលមួយឆ្នាំចុងក្រោយនេះស៊ុយអែតបានបន្តកិច្ចការងារកាទូតជាច្រើនជាមួយនឹងអង្គការណាតូទោះបីជាមានការតវ៉ាមួយចំនួនតូចពីសមាជិកណាតូក្តី។
ទោះបីជាយ៉ាងណាក្តី សមាជិកអង្គការណាតូភាគច្រើនបានយល់ឃើញថាសមាជិកភាពរបស់ស៊ុយអែតនឹងពិតជាអាចជួយឲ្យសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូកាន់តែមានភាពរឹងម៉ាំខណៈដែលស៊ុយអែតខ្លួនឯងក៏បានមើលឃើញអំពីអត្ថប្រយោជន៍ជាច្រើនផងដែរក្នុងការចូលរួមជាសមាជិកទី៣២របស់អង្គការយោធាដ៏ធំបំផុតមួយនេះ។
បច្ចុប្បន្នស៊ុយអែត កំពុងទទួលរងសំពាធបែបយោធាយ៉ាងខ្លាំងពីសំណាក់សកម្មភាពឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ហើយតែងតែមានក្តីបារម្ភថា មហាយក្សរុស្ស៊ីនឹងអាចបង្កបញ្ហាបន្ថែមទៀតជាមួយនឹងប្រជាជាតិនៅក្នុងតំបន់ Nordic និងនៅតំបន់សមុទ្រ Baltic sea ដែលក្នុងនោះក៏មានស៊ុយអែតផងដែរ។
គួរឲ្យដឹងដែរថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានធ្វើដំណើរមកដល់ទីក្រុង Stockholm តាំងតែពីថ្ងៃអង្គារក្នុងគោលបំណងសំខាន់ដើម្បីជួយដល់កិច្ចការងារបំពេញសមាជិកភាពរបស់ស៊ុយអែត ហើយលោកនឹងបន្តបំពេញទស្សនកិច្ចនៅក្នុងតំបន់អឺរ៉ុបរយៈពេលសរុប៤ថ្ងៃ៕