រដូវកាលផ្លែគុយ ប្រជាសហគមន៍អាចរកចំណូលបាន១០ម៉ឺនរៀល ក្នុង១ថ្ងៃ
គុយគឺជាប្រភេទរុក្ខជាតិវល្លិ៍ ដែលដុះតោងជាមួយនឹងដើមឈើធំៗ និងស្ថិតនៅក្នុងព្រៃក្រាស់ៗ។ រុក្ខជាតិនេះអាច មានប្រវែងរហូតដល់ ៣០ ម៉ែត្រ ហើយវល្លិ៍របស់វាមានទំហំធំជាងប្រភេទវល្លិ៍ទូទៅ។ សំបក និងដើមរបស់គុយមាន សភាពរលោង និងមានពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌ស ដូចទឹកដោះគោ ច្រើនមានដុះនៅក្នុងព្រៃធំ ព្រៃស្រោង ព្រៃស្បាត និងព្រៃរបោះ។
ផ្កាគុយរីកនៅខែកុម្ភៈ ដល់ខែមីនា ហើយឱ្យផលពីចុងខែមីនា រហូតដល់ខែឧសភា-មិថុនា (ខែធ្លាក់ទឹកភ្លៀង)។ ផ្លែគុយជាផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬរាងពងក្រពើ សំបកក្រាស់ សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត និងមានគ្រាប់វែង។
ប្រជាជនកម្ពុជាច្រើនតែនិយមយកផ្លែគុយទៅក្រឡុកជាមួយអំបិលម្ទេស ដើម្បីបរិភោគ ឬអាចហូប ផ្លែគុយនេះ ទទេក៏បាន។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែគុយក៏មានអត្ថប្រយោជន៍ដល់សុខភាព ជាច្រើនផងដែរ។ តាមក្បួនឱសថបុរាណ គេកាត់ដើម (វល្លិ៍) វាជាកង់ៗស្ងោរឱ្យនារីទើបសម្រាលកូន ហើយផឹកជាថ្នាំ ជំនួយលើកកម្លាំង។ ឫស និងវល្លិ៍ដើមរបស់វាក៏ត្រូវបានគេប្រើប្រាស់ព្យាបាលរាគមួល ជំងឺថ្លើម កន្ទាលត្រអាក ដោយដាំទឹក ឬត្រាំស្រាផឹក។
លើសពីនេះ ជ័ររបស់វាគេអាចប្រើសម្រាប់ព្យាបាលដំបៅ ព្យាបាលដង្កូវស៊ីធ្មេញ ដោយបន្តក់ជ័រ ចូលធ្មេញដង្កូវស៊ី និងព្យាបាលបូស ដោយលាបពីលើបូស។ បន្ថែមពីនេះ ផ្លែគុយត្រូវបានគេដឹងថា មានសមត្ថភាពព្យាបាល និងកែសម្រួលបញ្ហាក្រពះពោះវៀន ជំនួយប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ការឆ្លងជំងឺផ្សេងៗ។
ទន្ទឹមគ្នានេះ សហគមន៍ភ្នំទ័ពជាង ដែលស្ថិតនៅក្នុងខេត្តកោះកុង ជាសហគមន៍ដែលមានអំណោយផល សម្បូររុក្ខជាតិគុយដុះ។ ប្រជាសហគមន៍នៅទីនោះ អាចបង្កើនចំណូលបានមួយកម្រិតទៀត នៅរាល់រដូវកាលប្រមូលផលផ្លែគុយ។
លោក ឡុង ណេត អនុប្រធានសហគមន៍ភ្នំទ័ពជាង បានឲ្យដឹងថា នៅក្នុងសហគមន៍របស់លោក មានសមាជិកប្រមាណជា ១៧ គ្រួសារ ដែលប្រមុខរបររកអនុផលព្រៃឈើ ក្នុងនោះមាន ១៣ គ្រួសារ ប្រមូលផ្លែគុយ និងមានផ្លែសិរមាន់ផងដែរ។
លោក ឡុង ណេត បានមានប្រសាសន៍ថា ៖«ការប្រមូលផលផ្លែគុយអាចទទួលបានក្នុង ១ គ្រួសារ ប្រមាណ ៧ គីឡូ ក្នុង ១ ថ្ងៃ លក់បានប្រមាណ ១ គីឡូ ពី ១៣០០០ រៀល ទៅ ១៧០០០រៀល សម្រាប់ការបោះដុំ»។
ក្នុងន័យនេះ ប្រជាសហគមន៍អាចរកចំណូលបានពីការប្រមូលផ្លែគុយជាមធ្យមគឺ ១០ ម៉ឺនរៀល ដែលមានន័យថាក្នុងមួយខែអាចរកបានប្រហែល ៣ លានរៀល។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ប្រជាសហគមន៍អាចអាស្រ័យផល បានត្រឹមតែ ២ ទៅ ៣ ខែប៉ុណ្ណោះ ដូច្នេះហើយការប្រមូលផ្លែគុយ មិនមែនជាចំណូលគោលសម្រាប់សហគមន៍នោះទេ។
លោកឡុង ណេត អនុប្រធានសហគមន៍ខាងលើ បានបញ្ជាក់ដែរថា ក្នុងមួយរដូវសរុប ទាំងអស់គ្នាបានគួរសម ពោលគឺមិនច្រើនពេកទេ។ តែក្រៅការប្រមូលអនុផលផ្លែឈើទាំងនេះហើយ ពលរដ្ឋក្នុងសហគមន៍ក៏មានអនុផលផ្សិត ពីរទៅបីមុខផ្សេងទៀត នេះមានន័យថា ប្រជាសហគមន៍អាចរកចំណូលផ្គួបផ្សំគ្នា ដែលអាចជួយសម្រួលដល់ ជីវភាពរបស់អ្នកស្រុក ក្រៅពីរបរកសិកម្ម និងចិញ្ចឹមសត្វ៕