សម្ដេចតេជោ ហ៊ុន សែន៖ ២០២៣នេះ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការនឹងត្រូវឡើងប្រាក់បៀវត្សរ៍មួយកម្រិតទៀត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ថា ឆ្នាំ២០២៣នេះ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការនឹងត្រូវឡើងប្រាក់បៀវត្សរ៍មួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួលនិងដំឡើងផងដែរ ។
ដោយឡែកប្រាក់ឈ្នួលអប្បបរមានិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរក៏ត្រូវបានដំឡើងដល់២០០ដុល្លារ រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។
នៅក្នុងឱកាសនៃពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» សម្ដេចបានបញ្ជាក់ថា ឆ្លងកាត់រយៈពេល៤៤ឆ្នាំកន្លងមកនេះ បានបង្ហាញថា ផ្ដើមចេញពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាន និងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏វិសិដ្ឋរបស់ប្រជាជន។
កម្ពុជាបានប្រែក្លាយពីវាលពិឃាដប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ ការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញខ្ទេចខ្ទីរទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីជាតិ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋនិងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខុដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត៕