ជំនួញអាវុធរបស់អាល្លឺម៉ង់កំពុងសំងំកើបលុយក្នុងគ្រាជម្លោះនៅអ៊ុយក្រែន
បរទេស ៖ កាសែត The Bloomberg បានធ្វើការស្រាវជ្រាវ និងចេញផ្សាយជាអត្ថបទរាយការណ៍មួយដែលមានគោលដៅសំខាន់ទៅលើអាជីវកម្ម និងជំនួញលក់សព្វាវុធរបស់ប្រទេសអាល្លឺម៉ង់ក្នុងអំឡុងពេលដែលជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
ជាលទ្ធផលរបាយការណ៍បានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះបានបង្ហាញថាទាំងក្រុមហ៊ុនឯកជន និងរដ្ឋរបស់អាល្លឺម៉ង់កំពុងរីកមុខរីកមាត់ខ្លាំងដោយសារតែទទួលបានការបញ្ជាទិញអាវុធទាំងតូច និងធំជាច្រើនដែលវាបានធ្វើឲ្យប្រាក់ចំណេញមានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅអំឡុងពេលវិបត្តិនៅអ៊ុយក្រែននេះ។
របាយការណ៍ដែលត្រូវបានប្រមូលយកពីប្រភពផ្សេងៗដោយក្នុងនោះមានទាំងរបាយការណ៍មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI ផងដែរបានគូសបញ្ជាក់ដែរថា អាល្លឺម៉ង់គិតត្រឹមចុងឆ្នាំ២០២២ បានជាប់ឈ្មោះជាអ្នកនាំអាវុធបានច្រើនជាងគេបំផុតនៅលើលេខរៀងទី៦របស់ពិភពលោកបន្ទាប់ពីអាមេរិក, បារាំង, រុស្ស៊ី, ចិន និងអ៊ីតាលី ខណៈដែលតួលេខចុងក្រោយនៅបន្តគណនានៅឡើយនោះ ប៉ុន្តែប្រភពដដែលនេះបានសរសេរថា កាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានអនុម័តកញ្ចប់អាវុធសរុបប្រមាណដល់ទៅ៨,៣៥ពាន់លានអឺរ៉ូ ឬត្រូវជា ៩,១៣ពាន់លានដុល្លារ និងត្រូវបានគេចាត់ទុកថាជាតួលេខនាំចេញអាវុធដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ២០២១ ដែលគ្រានោះអាល្លឺម៉ង់ធ្វើបាន ៩,៣៥ពាន់លានអឺរ៉ូ។
គួរឲ្យដឹងដែរថា ក្នុងចំណោមការបញ្ជាទិញអាវុធទាំងឡាយគេសង្កេតឃើញថាការលក់នាវាមុជទឹកចំនួន៣ទៅឲ្យអ៊ីស្រាអ៊ែល គឺជាការបញ្ជាទិញដ៏ធំបំផុតក្នុងឆ្នាំ២០២២។ រដ្ឋាភិបាលអ៊ីស្រាអ៊ែលបានចំណាយលុយដល់ទៅ ៣ពាន់លានអឺរ៉ូដើម្បីទិញនាវាមុជទឹកប្រភេទ Thyssenkrupp ទាំង៣គ្រឿងនេះ៕