Close

Amazon ទទួលបានប្រាក់កម្ចី ៨ពាន់លានដុល្លារ ដើម្បីទូទាត់បំណុល និងធ្វើជាដើមទុនអាជីវកម្មសម្រាប់ឆ្នាំថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Amazon ទទួលបានប្រាក់កម្ចី ៨ពាន់លានដុល្លារ ដើម្បីទូទាត់បំណុល និងធ្វើជាដើមទុនអាជីវកម្មសម្រាប់ឆ្នាំថ្មី Amazon ទទួលបានប្រាក់កម្ចី ៨ពាន់លានដុល្លារ ដើម្បីទូទាត់បំណុល និងធ្វើជាដើមទុនអាជីវកម្មសម្រាប់ឆ្នាំថ្មី

បរទេស៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក Amazon.com Inc បានឱ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកផ្តល់ប្រាក់កម្ចីមួយចំនួនក្នុងការផ្ដល់ប្រាក់កម្ចីដែលមិនមានការធានាចំនួន ៨ពាន់លានដុល្លារ។

ប្រាក់កម្ចីនេះមានរយៈពេល ៣៦៤ថ្ងៃ ប៉ុន្តែនៅក្នុងលក្ខខណ្ឌគឺអាចបន្តជាមួយនឹងជម្រើសបន្ថែម ៣៦៤ថ្ងៃទៀត ហើយប្រាក់ដែលទទួលបាននឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងសាជីវកម្មទូទៅ។

អ្នកនាំពាក្យ Amazon បានប្រាប់ Reuters ថា «ដោយសារបរិយាកាសម៉ាក្រូសេដ្ឋកិច្ចមិនច្បាស់លាស់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងបានប្រើប្រាស់ជម្រើសហិរញ្ញប្បទានផ្សេងៗគ្នា ដើម្បីគាំទ្រដល់ការចំណាយដើមទុន ការទូទាត់សងបំណុល ការទិញយក និងតម្រូវការដើមទុនធ្វើការ» ។

អ្នកលក់រាយតាមអ៊ិនធេីណេតបាន និងកំពុងប្រឈមមុខនឹងកំណើនយឺត ខណៈដែលអតិផរណាកើនឡើង បានបង្ខំឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់កាត់បន្ថយការចំណាយត្រឡប់មកវិញ ដែលជាហេតុផលមួយបានទាញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាក់ចុះប្រហែល ៥០ភាគរយក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន Amazon ក៏បានកំណត់ផងដែរនូវការកាត់បន្ថយកម្លាំងពលកម្មនៅដើមឆ្នាំ២០២៣ ដើម្បីកាត់បន្ថយការចំណាយ និងដើម្បីស្ថិរភាពក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ចំនួនបុគ្គលិកដែលត្រូវកាត់បន្ថយនោះទេ។ ប្រភពមួយបានប្រាប់ Reuters កាលពីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនកំពុងកំណត់គោលដៅកាត់បន្ថយការងារប្រហែល ១០,០០០នាក់។

Amazon មានសាច់ប្រាក់ និងសមមូលសាច់ប្រាក់ប្រហែល ៣៥ពាន់លានដុល្លារ ហើយបំណុលរយៈពេលវែងប្រហែល ៥៩ពាន់លានដុល្លារនៅចុងត្រីមាសទីបី ឆ្នាំ២០២២។

ក្រុមហ៊ុន Amazon បាននិយាយថា Toronto Dominion គឺជាភ្នាក់ងាររដ្ឋបាលសម្រាប់កិច្ចព្រមព្រៀងប្រាក់កម្ចី ដែលក្នុងនោះធនាគារ DBS និង Mizuho Bank គឺជាអ្នកផ្តល់ប្រាក់កម្ចីខាងលើនេះ៕

អត្ថបទទាក់ទង