អ្នកជំនាញណែនាំឱ្យកសិកររៀនចិញ្ចឹមឃ្មុំ ដើម្បីបង្កើនទិន្នផលដំណាំ
កន្លងមកការដាំដុះដំណាំ ឬធ្វើស្រែចំការ កសិករច្រើនតែមិនបានដឹងអំពីអត្ថប្រយោជន៍របស់សត្វឃ្មុំ ប៉ុន្តែមែនទែនទៅ ឃ្មុំជាអ្នកនាំលំអងដ៏មានប្រសិទ្ធភាព។ បើតាមអ្នកជំនាញវិស័យកសិកម្ម ការចិញ្ចឹមឃ្មុំគឺជាអ្វីដែលកសិករយើងគួរគិតគូរ ដោយសារវានឹងផ្ដល់ផលប្រយោជន៍ដល់ការបង្កបង្កើនផលរបស់ប្រជាកសិករ។
លោកបណ្ឌិត សួង ណយ ដែលជាអ្នកជំនាញកសិកម្មបានឱ្យដឹងថា ការចិញ្ចឹមឃ្មុំលោកទទួលស្គាល់ថា មានការលំបាក ប៉ុន្តែកសិករក៏មិនអាចដាំដំណាំបានទេប្រសិនបើមិនមានឃ្មុំដែលជាអ្នកនាំលម្អងផ្កា។ ចេញពីបទពិសោធន៍របស់លោកផ្ទាល់ អ្នកចិញ្ចឹមឃ្មុំចាំបាច់ត្រូវស្វែងយល់ពីរដូវកាលនីមួយៗ យកចិត្តទុកដាក់ពីអាកាសធាតុ ដែលវាអាចប៉ះពាល់ដល់សត្វឃ្មុំ។
លោកបណ្ឌិតបានឱ្យដឹងថា ៖ «កាលណានិយាយពីរឿងឃ្មុំ វាមានប្រយោជន៍ច្រើនបើពិបាកៗហើយ ប៉ុន្តែសំខាន់កាលណាអត់ឃ្មុំ វាដាំដំណាំអីមិនសូវបានផលទេ ឃ្មុំវាជួយដូចជាយកលម្អងញី និងឈ្មោលប៉ះគ្នា អីចឹងទៅទិន្នផលវាមិនសម្រាប់តែយើងទេ ប្រជាជននៅជុំវិញក៏ត្រូវការឃ្មុំ ជាពិសេស អ្នកដៃត្រសក់ រនោង ល្ពៅ ត្រឡាចជាដើម សុទ្ធតែត្រូវការឃ្មុំទាំងអស់»។
បន្ថែមពីនេះទៀត កសិករមិនត្រឹមតែអាចចិញ្ចឹមឃ្មុំសម្រាប់តែនាំលម្អងផ្កាប៉ុណ្ណោះទេ ពួកគេក៏អាចចិញ្ចឹមយកទឹកឃ្មុំផងដែរ និយាយរួមគឺចិញ្ចឹមឃ្មុំអាចផ្ដល់អត្តប្រយោជន៍ជាច្រើនមុខ។
អ្នកជំនាញរូបនេះបានបន្តពន្យល់ថា៖ «ចំពោះការចំណាយវិញច្រើនគួរសម ហើយឃ្មុំចិញ្ចឹមនេះតាមពិតស្រុកខ្មែរហៅថាឃ្មុំចិញ្ចឹមតែនៅស្រុកគេ គេហៅថាអ្នករក្សាឃ្មុំ ព្រោះយើងអត់មានចិញ្ចឹមវាទេយើងគ្រាន់តែរក្សាសំបុករបស់វា ហើយវាទៅរកស៊ីដោយខ្លួនវា ហើយកាលដែលឃ្មុំចេញទៅរកស៊ីដោយខ្លួនឯងនេះ គឺសំដៅលើការចេញទៅក្រេបលម្អងផ្កានោះឯង។ ចំការដែលនៅជិតទីតាំងចិញ្ចឹមឃ្មុំនឹងទទួលបានផលច្រើន ដោយសារតែដំណាំរបស់ពួកគេមានដំណើរការលម្អងល្អ»។
លើសពីនេះ លោកបណ្ឌិតបានផ្ដល់ជាដំបូន្មានសម្រាប់អ្នកចង់ចិញ្ចឹមឃ្មុំដែលថា បើចង់ចិញ្ចឹមឃ្មុំ ទី១ គឺកសិករត្រូវទៅរៀនទ្រឹស្តីសិន ទី២គឺត្រូវចុះទៅកសិដ្ឋានដែលគេចិញ្ចឹមឃ្មុំផ្ទាល់ ១ ឬ២ខែ។ រហូតដល់កសិករបានយល់ទាំងទ្រឹស្ដី ទាំងការអនុវត្ត និងច្បាស់ថាអាចចិញ្ចឹមបានហើយ ទើបទិញមេឃ្មុំយកទៅចិញ្ចឹមនៅចំការតែម្ដង៕