Close

សម្ដេចតេជោ ជំរុញឱ្យបង្កើនការវិនិយោគក្នុងស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ជំរុញឱ្យបង្កើនការវិនិយោគក្នុងស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុង សម្ដេចតេជោ ជំរុញឱ្យបង្កើនការវិនិយោគក្នុងស្រុក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុង

ភ្នំពេញ​ : ការវិនិយោគក្នុងស្រុក គឺជារឿងល្អមួយដែលប្រទេសភាគច្រើនកំពុងយកចិត្តទុកដាក់បន្ថែម។ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា វាទាមទារធាតុចូលសំខាន់ៗផ្សេងទៀតដើម្បីអាចសម្រេចរឿងនេះបាន។

ធាតុចូលដែលសំខាន់ជាងគេមួយសម្រាប់ការវិនិយោគក្នុងស្រុកគឺ ធនធានមនុស្ស។ ធនធានមនុស្សដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ជាតិឱ្យកាន់តែប្រសើរ ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងបង្កើនការយកចិត្តទុកដាក់។

នាព្រឹកថ្ងៃទី៣០ ខែមីនានេះ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញបន្ថែម លើការបណ្ដុះបណ្ដាលជំនាញដល់យុវជនកម្ពុជា សំដៅបង្កើនការវិនិយោគនៅក្នុងស្រុក។ ក្នុងនោះ សម្ដេចក៏បានផ្ដល់ឱកាសសម្រាប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ យុវជនក្រីក្រចំនួន ១លាន៥សែននាក់ផងដែរ។

បន្ថែមពីនេះទៅទៀត សម្ដេចបានលើកឡើងពីគោលបំណងរបស់រាជរដ្ឋាភិបាលដែលមិនត្រឹមតែចង់ បានការវិនិយោគពីក្រៅស្រុកចូលមកនោះទេ ប៉ុន្តែក៏ចង់ឱ្យមានការវិនិយោគនៅក្នុងស្រុកផ្ទាល់ តាមរយៈធនធានមនុស្សដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកជំនាញនេះ។

សម្ដេចតេជោ ហ៊ុន សែន​ ៖ «ជំនាញរបស់យើងកាន់តែច្រើន អ្នកវិនិយោគក៏កាន់តែមកចូលរួម អ្នកវិនិយោគទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុកគឺនឹងបង្កើននូវការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ដល់ដំណាក់កាលនេះ យើងមិនមែនគ្រាន់តែចង់បានអ្នកវិនិយោគក្រៅប្រទេសទេ យើងកុំភ្លេចផងដែរថាវិនិយោគឆ្នាំខ្លះទំហំធំគឺវិនិយោគចេញពីក្នុងស្រុកនេះឯង»។

ជាក់ស្ដែង ការផលិតស៊ីម៉ង់ ដែលកម្ពុជាពេលនេះមានលទ្ធភាពផលិតដោយខ្លួនឯងបណ្ដើរៗ និងកំពុងសហការជាមួយដៃគូរពីខាងក្រៅប្រទេសផងដែរ។ បើតាមការបញ្ជាក់របស់សម្ដេច មកដល់ពេលនេះ កម្ពុជាផលិតបានស៊ីម៉ង់ចំនួន ៩លានតោនហើយ ខណៈដែលពីដើមឡើយ កម្ពុជានាំចូលស៊ីម៉ង់១០០%។

ថ្វីត្បិតថា ចំនួននេះមិនទាន់គ្រប់គ្រាន់ ក៏ប៉ុន្តែវាជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ ម្យ៉ាងទៀត ក៏ដោយសារតែតម្រូវការនៃស៊ីម៉ង់មានការកើនឡើង ព្រោះប្រជាជនក្នុងស្រុកមានការសាងសង់ច្រើន រីឯផ្លូវតាមទីជនបទមួយចំនួនទៀតសោតក៏ប្រែក្លាយជាផ្លូវបេតុងផងដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០មីនានេះ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រមានសិស្ស-និស្សិតទទួលសញ្ញា បត្រ និងវិញ្ញាបនបត្រដូចជា៖ មានវិញ្ញាបនបត្រ ១២២៣នាក់ មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៦៦០នាក់ មានបរិញ្ញាបត្ររង ១១៣០នាក់ មានបរិញ្ញាបត្រ ៣០៩៩នាក់ និងមានបរិញ្ញាបត្រជាន់ខ្ពស់ ១៣៩នាក់។ ដែលចំនួននៃធនធានមនុស្សទាំងនេះ ជាក្ដីសង្ឃឹមសម្រាប់ការវិនិយោគក្នុង ស្រុកទៅថ្ងៃអនាគត៕

អត្ថបទទាក់ទង