Close

អាមេរិកបរាជ័យលើកទី៤បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងបច្ចេកវិទ្យាថ្មី (ARRW)

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកបរាជ័យលើកទី៤បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងបច្ចេកវិទ្យាថ្មី (ARRW) អាមេរិកបរាជ័យលើកទី៤បាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងបច្ចេកវិទ្យាថ្មី (ARRW)

បរទេស​ ៖ កងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានសារភាពថាការធ្វើតេស្តជាលើកទី៤នៃមីស៊ីលល្បឿនលឿនជាងសម្លេងថ្មីមួយប្រភេទដែលកំពុងអភិវឌ្ឍ​ និងផលិតដោយក្រុមហ៊ុន Lockheed Martin នោះពិតជាមិនទទួលបានជោគជ័យនោះទេ។

មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងទ័ពអាកាសអាមេរិក​ លោកមេបញ្ជាការ Frank Kendall បានថ្លែងប្រាប់គណៈកម្មាធិការសភាអាមេរិកថា​ ការធ្វើតេស្តលើកចុងក្រោយនេះគឺមិនទទួលបានជោគជ័យឡើយ។ ពួកយើងមិនទទួលបានទិន្នន័យដែលយើងចង់បានពីបេសកកម្មលើកនេះប៉ុន្តែក្រុមការងារកំពុងបន្តធ្វើការត្រួតពិនិត្យ​ និងស្រាវជ្រាវឡើងវិញចំពោះមូលហេតុ​ ថាតើមានហេតុការណ៍អ្វីកើតឡើងខ្លះក្នុងពេលដំណើរការសាកល្បង។

សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់យោធារូបនេះត្រូវបានគេមើលឃើញថាបានសំដៅទៅលើការបាញ់សាកល្បងមីស៊ីលចប្ចេកវិទ្យាថ្មី AGM-183A Air-launched​ ARRW កាលពីថ្ងៃទី១៣​ ខែមីនាកន្លងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។

រំលឹកដែរថា​ បច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសម្លេង ARRW (Air-Lanuch Rapid Response Weapon) នេះគឺជាកម្មវិធីអភិវឌ្ឍអាវុធដែលអាមេរិកដំណើរការតាំងតែពីឆ្នាំ២០១៨មកម្ល៉េះប៉ុន្តែត្រូវបានពន្យាពេលជាជាច្រើនឆ្នាំមកហើយក្រោយការបរាជ័យបាញ់សាកល្បងដល់ទៅ៣ដងកាលពីឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក្តី កងកម្លាំងទ័ពអាកាសអាមេរិកបានអះអាងថាការធ្វើតេស្តសាកល្បងជោគជ័យបានធ្វើឡើងបានមួយដងគត់កាលពីខែឧសភាឆ្នាំទៅដោយបានបញ្ជាក់ដែរថាវាអាចបាញ់បានក្នុងលឿនលឿនជាសម្លេងកម្រិត 5 Mach ឬមានន័យថាលឿនជាងសម្លេងដល់ទៅ៥ដង។

គួរឲ្យដឹងដែរថា រយៈពេល២ឆ្នាំចុងក្រោយនេះកងកម្លាំងទ័ពអាកាសអាមេរិកបានទទួលកញ្ចប់ថវិកាសម្រាប់កម្មវិធីអភិវឌ្ឍនិងផលិត ARRW ដល់ទៅ៤២៣លានដុល្លារមកហើយហើយក៏ទើបតែបានស្នើសុំកញ្ចប់បន្ថែមប្រមាណជា១៥០លានដុល្លារផងសម្រាប់ការងារនៅឆ្នាំក្រោយ៕

អត្ថបទទាក់ទង