សម្តេចតេជោ ៖ ជំរឿនកសិកម្មគឺជាការងារមានសារៈសំខាន់សម្រាប់ប្រទេសជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ជំរឿនកសិកម្មនៅកម្ពុជា នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ខណៈជំរឿនកសិកម្ម គឺជាការងារដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ។
ថ្លែងអំពាវនាវរបស់សម្តេចតេជោ ដែលបានចេញផ្សាយនៅថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោបានថ្លែងថា នេះគឺជាជំរឿនកសិកម្មលើកទី ២ នៅព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុង ការផ្ដល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។
សម្តេចតេជោ បានបញ្ជាក់ថា ជំរឿនកសិកម្មមានគោលបំណងទទួលបាននូវព័ត៌មានសំខាន់ៗ វិស័យកសិកម្មស្តីពីស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះ សម្រាប់រៀបចំគោលនយោបាយ យុទ្ធសាស្ត្រផែនការ សកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។
សម្តេចតេជោ បានថ្លែងថា ៖«ជំរឿនកសិកម្ម គឺជាការងារដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយក៏ជាការងារស្ថិតិជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវព័ត៌មានទិន្នន័យទាំងឡាយរបស់សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់។
ដូច្នេះហើយ ប្រទេសជាច្រើននៅលើពិភពលោក គឺសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនកសិកម្ម ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មបានល្អ។ លទ្ធផលទិន្នន័យដែលបានមកពីជំរឿនកសិកម្ម នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងវិស័យសាធារណៈនិងវិស័យឯកជន។
ទន្ទឹមនេះ សម្តេចតេជោ បានអំពាវនាវម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទទាំងអស់ សូមចូលរួមគាំទ្រការងារនេះ និងសូមផ្ដល់ព័ត៌មានទិន្នន័យ តាមសំណួរសម្ភាសន៍ឱ្យបានពេញលេញ ត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីជំរឿនកសិកម្ម ដើម្បីបង្កើតបាននូវស្ថិតិល្អ ពីព្រោះស្ថិតិល្អបង្កើតបាននូវគោលនយោបាយល្អ ហើយគោលនយោបាយល្អនឹងជំរុញការអភិវឌ្ឍប្រទេសជាតិយើងបានជឿនលឿនរីកចម្រើន៕