អ៊ីរ៉ង់ចង់ឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈអាមេរិកបង្កើនវត្តមានយោធានៅមជ្ឈិមបូព៌ា
CAIRO, ថ្ងៃទី២៤ ខែកុម្ភៈ (ស៊ីនហួរ)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ឡើងវិញពីឆន្ទៈរបស់ទីក្រុងតេអេរ៉ង់ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនបន្តពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដោយដាក់ពង្រាយយន្តហោះចម្បាំងទំនើបបន្ថែម។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់ប្តេជ្ញាសម្រេចកិច្ចព្រមព្រៀង “យុត្តិធម៌ និងសមធម៌” ជាមួយសហរដ្ឋអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងសារដែលបានបង្ហោះលើបណ្តាញសង្គម X លោកបានលើកឡើងថា ភាគីទាំងពីរមាន “ឱកាសប្រវត្តិសាស្ត្រ” ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយកង្វល់ទៅវិញទៅមក និងបំពេញផលប្រយោជន៍រួម ប្រសិនបើការទូតត្រូវបានផ្តល់អាទិភាពជាលំដាប់ដំបូង។

ការចេញថ្លែងការណ៍នេះធ្វើឡើងមុនកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទី៣ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងរៀបចំឡើងនៅទីក្រុង Geneva នៅថ្ងៃព្រហស្បតិ៍ខាងមុខ។ ការចរចាជុំមុនៗចំនួនពីរលើក បានផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសំណើលុបចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ដូចគ្នានេះដែរ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយ លោក Majid Takht Ravanchi បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ NPR ថា អ៊ីរ៉ង់ត្រៀមខ្លួន “ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់” ដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោកបានបន្ថែមថា អ៊ីរ៉ង់នឹងចូលរួមចរចាដោយភាពស្មោះត្រង់ និងសុច្ឆន្ទៈ ហើយជឿជាក់ថា ប្រសិនបើមានឆន្ទៈនយោបាយពីគ្រប់ភាគី កិច្ចព្រមព្រៀងអាចសម្រេចបានក្នុងពេលឆាប់ៗ។
ខណៈការទូតកំពុងបន្ត រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានលើកឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេនី លោក Suren Papikyan នៅទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមទេ ប៉ុន្តែបើត្រូវបង្ខំ នឹងការពារខ្លួនយ៉ាងម៉ឺងម៉ាត់ និងផ្តល់ “មេរៀនមិនអាចបំភ្លេចបាន” ដល់សត្រូវ។
ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars News Agency បានរាយការណ៍ថា សម្តីនេះកើតមានបន្ទាប់ពីសមយុទ្ធយោធារបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងអ៊ីរ៉ង់ ដោយអនុវត្តសេណារីយ៉ូការពារខ្លាំង និងប្រតិបត្តិការរារាំងការជ្រៀតចូលតាមផ្លូវសមុទ្រ។

នៅផ្នែកមួយទៀត ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-22 ចំនួន ១១ គ្រឿងទៅមូលដ្ឋានទ័ពអាកាសនៅភាគខាងត្បូងអ៊ីស្រាអែល។
ជាមួយគ្នានេះ នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ដែលជានាវាធំបំផុតមួយរបស់ពិភពលោក បានធ្វើដំណើរដល់សមុទ្រមេឌីទែរ៉ាណេ ហើយគ្រោងចូលរួមជាមួយក្រុមនាវា USS Abraham Lincoln និងនាវាពិឃាតមានមីស៊ីលនាំផ្លូវផ្សេងទៀត ដែលត្រូវបានដាក់ពង្រាយនៅជិតអ៊ីរ៉ង់រួចហើយ។
ជុំវិញបញ្ហានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបដិសេធរបាយការណ៍សារព័ត៌មានដែលអះអាងថា លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ បានព្រមានប្រឆាំងនឹងការវាយប្រហារលើអ៊ីរ៉ង់។ លោក Trump បានបញ្ជាក់តាមបណ្តាញសង្គមថា ប្រសិនបើមានការសម្រេចចិត្តអំពីប្រតិបត្តិការយោធា នោះវាជាទស្សនៈរបស់លោក Caine ថា អាមេរិកអាចឈ្នះបានយ៉ាងងាយស្រួល។
ក្នុងខណៈដែលការទូត និងសកម្មភាពយោធាកំពុងដំណើរការប្រសព្វគ្នា ភាគីទាំងពីរនៅតែស្ថិតក្នុងដំណាក់កាលសំខាន់ ដែលអាចកំណត់ទិសដៅទំនាក់ទំនង និងស្ថិរភាពតំបន់នៅពេលខាងមុខ៕
