លោកត្រាំ គ្រោងថ្លែងសុន្ទរកថាលើកទី១ នៃអាណត្តិទី២ របស់លោក នៅចំពោះមុខសភាទាំងពីរ
វ៉ាស៊ីនតោន ឌីស៊ី ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំស្តីពី “រដ្ឋសហព័ន្ធ” (State of the Union) លើកទី១ នៃអាណត្តិទី២របស់លោក នៅចំពោះមុខសភាទាំងពីរ។
សុន្ទរកថាប្រពៃណីនេះ ជាវេទិកាសំខាន់ដែលប្រធានាធិបតីប្រើដើម្បីបង្ហាញទិសដៅដឹកនាំ និងគោលនយោបាយសម្រាប់ប្រទេស។
ការវាយតម្លៃរបស់លោក Trump លើស្ថានភាពរដ្ឋសហព័ន្ធដែលរួមមានរដ្ឋ និងដែនដីចំនួន ៥០ ស្ថិតក្រោមរដ្ឋាភិបាលសហព័ន្ធ ដែលកើតឡើងបន្ទាប់ពីមួយឆ្នាំពោរពេញដោយការផ្លាស់ប្តូរនយោបាយយ៉ាងខ្លាំង។
ការបោះឆ្នោតឆ្នាំ២០២៤ បាននាំឱ្យលោកវិលត្រឡប់មកកាន់សេតវិមានវិញ បន្ទាប់ពីចាញ់ឆ្នោតឲ្យ Joe Biden កាលពីឆ្នាំ២០២០។
ក្រោយការបោះឆ្នោតឆ្នាំ២០២០ ក្រុមអ្នកគាំទ្ររបស់លោក Trump បានសម្រុកចូលវិមានសភា នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងហេតុការណ៍ដែលត្រូវបានគេហៅថា កុបកម្មថ្ងៃទី៦ ខែមករា។ បន្ទាប់មក លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួនបួនករណី រួមទាំងការកាត់ទោសនៅទីក្រុងញូវយ៉កពីបទក្លែងបន្លំឯកសារអាជីវកម្ម។

ទោះយ៉ាងណា មួយឆ្នាំចូលអាណត្តិទី២ សំណុំរឿងទាំងនោះបានធ្លាក់ចុះ និងមិនបន្តទៀត ខណៈអ្នកពាក់ព័ន្ធនឹងកុបកម្មថ្ងៃទី៦ ខែមករា ត្រូវបានលើកលែងទោស។
បច្ចុប្បន្ន លោក Trump ដឹកនាំស្ថាប័នប្រតិបត្តិដែលត្រូវបានរៀបចំឡើងស្របតាមទស្សនៈនយោបាយរបស់លោក ហើយមានគណៈរដ្ឋមន្ត្រីដែលគាំទ្រយ៉ាងខ្លាំងលើគោលនយោបាយសំខាន់ៗ ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច អន្តោប្រវេសន៍ គោលនយោបាយការបរទេស និងបញ្ហាអន្តរាគមន៍អន្តរជាតិ។
ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនព្រមានថា វិធីសាស្ត្រដឹកនាំដ៏ចម្រូងចម្រាសរបស់លោក អាចបង្កការប្រឈមសម្រាប់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខ នៅខែវិច្ឆិកា ខណៈគណបក្សនេះកំពុងព្យាយាមរក្សាការគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ។ លទ្ធផលនៃការបោះឆ្នោតនឹងកំណត់ទិសដៅនយោបាយ និងឧបសគ្គសម្រាប់សេតវិមានក្នុងប៉ុន្មានឆ្នាំខាងមុខ។
តើសុន្ទរកថានឹងធ្វើឡើងនៅពេលណា និងទីណា?
លោក Trump គ្រោងថ្លែងសុន្ទរកថានៅម៉ោង ៩:០០ យប់ ម៉ោងក្នុងតំបន់ (០២:០០ GMT ថ្ងៃពុធ) នៅក្នុងសភាតំណាងរាស្ត្រ ចំពោះមុខសមាជិកព្រឹទ្ធសភា ១០០នាក់ និងសមាជិកសភាតំណាងរាស្ត្រ ៤៣៥នាក់។
តាមប្រពៃណី លោកនឹងឈរនៅវេទិកាកណ្ដាលសភាតំណាងរាស្ត្រ ដោយមានអនុប្រធានាធិបតី JD Vance និងប្រធានសភាតំណាងរាស្ត្រ Mike Johnson អង្គុយនៅខាងក្រោយ៕
https://www.aljazeera.com/news/2026/2/24/trump-set-to-deliver-second-terms-first-state-of-the-union-what-to-expect