Close

កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គ និងផ្សព្វផ្សាយវិស័យទេសចរណ៍ ឱ្យកាន់តែទូលាយទៅកាន់ពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ សង្គម
កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គ និងផ្សព្វផ្សាយវិស័យទេសចរណ៍ ឱ្យកាន់តែទូលាយទៅកាន់ពិភពលោក កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គ និងផ្សព្វផ្សាយវិស័យទេសចរណ៍ ឱ្យកាន់តែទូលាយទៅកាន់ពិភពលោក

គិតមកដល់ពេលនេះ កម្ពុជាកំពុងតែត្រៀមលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ ព្រមជាមួយនឹងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ផង។ ព្រឹត្តិការណ៍ទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅចុងខែមេសា នៅខេត្តព្រះសីហនុ។

តាមរយៈព្រឹត្តិការណ៍ទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់ក្ដីរំពឹងទុកថា វិស័យទេសចរណ៍កម្ពុជានឹងអាចផ្សព្វផ្សាយចេញទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិបានកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរមកបន្ថែមទៀត។

យ៉ាងណាមិញ ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចការងារនេះ ឯកឧត្ដម ថោង ខុន បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅថ្មីៗនេះ។

ដោយឡែក កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមកម្រិត Head NTOs និងមន្ត្រីបច្ចេកទេសសរុបចំនួន៨០រូប។ រីឯវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេស GMS វិស័យ ឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបចំនួន១៨០រូប។

នាឱកាសនោះផងដែរ ក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកបដោយ និរន្តភាព (Sustainable Tourism Exhibition) ចំនួន២០ទីតាំង នៅសណ្ឋាគារឯករាជ្រ ដោយក្នុងនោះទីតាំងចំនួន៦ នឹងត្រូវរៀបចំរចនាដោយក្រសួងទេសចរណ៍សម្រាប់ប្រទេសជាសមាជិក GMS។ ក្រៅពីនេះក៏មានការរៀបចំការតំាងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេស ជាសមាជិក GMS ដោយបានរៀបចំតាមរូបភាពដែលប្រទេស GMS បានប្រគល់ជូន។ នេះបើតាមការបញ្ជាក់ បន្ថែមរបស់ឯកឧត្តម ថោង ខុន។

ពិសេសលើសពីនេះផងដែរ ក៏នឹងមានការរៀបចំទស្សនកិច្ចនៅលើគោក និងនៅតាមកោះ-ឆ្នេរសម្រាប់ប្រតិភូ អន្តរជាតិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្បីៗ នៅខេត្តព្រះសីហនុ បង្ហាញដល់ប្រតិភូជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានផងដែរ។

តាមរយៈសកម្មភាពទេសចរណ៍ជាច្រើនដែលនឹងកើតមានឡើងក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន បានចាត់ទុកថា ព្រឹត្តិការណ៍ទាំងនេះជាឱកាសដ៏កម្រមួយទៀតក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ ប្រតិភូអន្តរជាតិ ជាពិសេសទេសចរណ៍ក្រៅប្រទេស ឱ្យចូលមកទស្សនាកម្ពុជាបន្ថែមទៀត។

ក្នុងនោះផងដែរ ឯកឧត្ដម ថោង ខុន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មការអន្តរក្រសួងត្រូវសហការ រៀបចំកិច្ចការតាមផ្នែករៀងៗខ្លួនឱ្យបានល្អប្រសើរ ព្រោះជាឱកាសបង្ហាញពីមុខមាត់ប្រទេសជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ជាក់ស្ដែងដូចជាការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅនិងអាហារ ការធ្វើដំណើរនិងដឹកនាំជញ្ជូន សន្តិសុខនិងសុវត្ថិភាព ការរៀបចំវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធ ការសម្ដែងសិល្បៈនិងទស្សនីយភាព ការរៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ ក៏ដូចជាកិច្ចពាក់ព័ន្ធផ្សេងទៀត អ្នកពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់។

គួរបញ្ជាក់ផងដែរថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍន៍ផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរណ៍៕

អត្ថបទទាក់ទង