Close

លោក Trump ព្រមានប្រើយោធាលើអ៊ីរ៉ង់ ប្រសិនបើមិនទទួលយកការទាមទាររបស់ខ្លួន

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ព្រមានប្រើយោធាលើអ៊ីរ៉ង់ ប្រសិនបើមិនទទួលយកការទាមទាររបស់ខ្លួន លោក Trump ព្រមានប្រើយោធាលើអ៊ីរ៉ង់ ប្រសិនបើមិនទទួលយកការទាមទាររបស់ខ្លួន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្តគំរាមប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីសក្តានុពលនៃការវាយប្រហារដោយយោធា ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមទទួលយកការទាមទាររបស់លោក ដែលរួមមានបញ្ហាការចម្រាញ់នុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលផ្លោង។

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍អ៊ីស្រាអែល Channel 12 ដែលចេញផ្សាយកាលពីថ្ងៃអង្គារ លោក Trump បានបង្ហើបថា សហរដ្ឋអាមេរិកអាចចាត់វិធានការដ៏តឹងរ៉ឹង ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បាន។ លោកបានបញ្ជាក់ថា «នៅពេលដែលយើងឈានដល់ចំណុចមួយ យើងនឹងត្រូវធ្វើអ្វីមួយដែលពិបាកបំផុត»។

ការអត្ថាធិប្បាយនេះធ្វើឡើងខណៈប្រមុខសន្តិសុខអ៊ីរ៉ង់ លោក អាលី ឡារីយ៉ានី (Ali Larijani) បានជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់នៃប្រទេសអូម៉ង់ លោក ហៃថាម ប៊ីន តារីក អាល់ សៃដ (Haitham bin Tariq Al Said) ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចចរចារវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន។
ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោក Trump បាននិយាយអំពីការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ទៅកាន់ដែនទឹកក្បែរតំបន់អ៊ីរ៉ង់។

បណ្តាញ ទូរទស្សន៍អ៊ីស្រាអែល Channel 12 និងសារព័ត៌មាន Axios បានរាយការណ៍ថា លោក Trump ក៏កំពុងពិចារណាបញ្ជូននាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ាផងដែរ ដែលបានជំរុញការព្រួយបារម្ភអំពីសក្តានុពលនៃការវាយប្រហារយោធាប្រឆាំងអ៊ីរ៉ង់។ អ្នកវិភាគខ្លះបានព្រមានថា ជំហានបែបនេះអាចធ្វើឱ្យស្ថានភាពក្នុងតំបន់កាន់តែអស្ថិរភាព។

កាលពីថ្ងៃច័ន្ទ សហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំដល់កប៉ាល់ពាណិជ្ជកម្មដែលមានទង់ជាតិអាមេរិក ឱ្យជៀសវាងដែនទឹកអ៊ីរ៉ង់តាមដែលអាចធ្វើទៅបាន។ ចាប់តាំងពីខែមករា លោក Trump បានបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយព្រមានថាកងទ័ពអាមេរិកស្ថិតក្នុងសភាព «ត្រៀមរួចជាស្រេច»។

លោក Trump ព្រមានប្រើយោធាលើអ៊ីរ៉ង់ ប្រសិនបើមិនទទួលយកការទាមទាររបស់ខ្លួន

លោក Trump ក៏បានប្រៀបធៀបស្ថានភាពអ៊ីរ៉ង់ជាមួយវេណេស៊ុយអេឡា ដោយអះអាងថា ដូចករណីនោះដែរ កងទ័ពអាមេរិកមានឆន្ទៈ និងសមត្ថភាពអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ប្រសិនបើចាំបាច់។ នៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែមករា លោកបានសរសេរថា សង្ឃឹមឱ្យអ៊ីរ៉ង់ «ចូលតុចរចាយ៉ាងឆាប់រហ័ស និងឈានទៅរកកិច្ចព្រមព្រៀងដោយយុត្តិធម៌ និងសមធម៌»។

នៅចុងខែមុន រដ្ឋបាលលោក Trump បានដាក់ចេញការទាមទារបីចំណុចចំពោះអ៊ីរ៉ង់ រួមមាន ការបញ្ចប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ការកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមដែលសហរដ្ឋអាមេរិកចាត់ទុកថាជាអ្នកទទួលខុសត្រូវក្នុងតំបន់ និងការដាក់កម្រិតលើស្តុកមីស៊ីលផ្លោង។

លោក Trump បានបញ្ជាក់ជំហរនេះម្តងទៀតក្នុងបទសម្ភាសន៍ជាមួយ Fox Business ដោយនិយាយថា អ៊ីរ៉ង់គួរតែអនុវត្តតាមការទាមទារទាំងនេះ ហើយថាការធ្វើបែបនេះ «មិនមែនជារឿងល្ងង់ខ្លៅនោះទេ»។

ក្នុងអាណត្តិទីមួយ លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ចាប់តាំងពីចូលកាន់តំណែងអាណត្តិទីពីរនៅខែមករា ឆ្នាំ២០២៥ លោកបានបន្តយុទ្ធនាការ «សម្ពាធអតិបរមា» ប្រឆាំងអ៊ីរ៉ង់ ដោយរួមបញ្ចូលទាំងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងសម្ពាធឱ្យរំលាយកម្មវិធីនុយក្លេអ៊ែរ ដែលទីក្រុងតេអេរ៉ង់អះអាងថាមានគោលបំណងស៊ីវិលតែប៉ុណ្ណោះ។

កាលពីខែមិថុនាឆ្នាំមុន លោក Trump បានអនុញ្ញាតឱ្យមានការវាយប្រហារយោធាលើទីតាំងនុយក្លេអ៊ែរចំនួនបីរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃសង្រ្គាមរយៈពេល ១២ ថ្ងៃ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល៕
https://www.aljazeera.com/news/2026/2/10/trump-threatens-iran-with-something-very-tough-if-us-demands-are-not-met