លោក ត្រាំគំរាមបិទស្ពាន Gordie Howe តម្លៃ ៤,៦ ពាន់លានដុល្លារ ដើម្បីដាក់សម្ពាធពាណិជ្ជកម្មលើកាណាដា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានគំរាមមិនអនុញ្ញាតឱ្យបើកដំណើការ ស្ពានឆ្លងកាត់អន្តរជាតិថ្មីមួយ តម្លៃ ៤,៦ ពាន់លានដុល្លារ ដែលតភ្ជាប់ទីក្រុង Detroit របស់រដ្ឋ Michigan និងទីក្រុង Windsor របស់ ខេត្ត Ontario របស់ប្រទេសកាណាដា បើកដំណើរការ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ស្ពាន Gordie Howe International Bridge ដែលជិតបញ្ចប់ការសាងសង់ ត្រូវបានលោកត្រាំលើកយកមកធ្វើជាបញ្ហានយោបាយ និងពាណិជ្ជកម្ម ដោយលោកបានរិះគន់ការធ្វើជាកម្មសិទ្ធិរបស់ប្រទេសកាណាដាលើស្ពាននេះ ការដាក់កំហិតលើការលក់ភេសជ្ជៈមានជាតិអាល់កុលពីសហរដ្ឋអាមេរិកនៅក្នុងប្រទេសកាណាដា ពន្ធលើផលិតផលទឹកដោះគោ និងការចរចាពាណិជ្ជកម្មរបស់កាណាដាជាមួយប្រទេសចិន។

លោកត្រាំបានសរសេរលើបណ្តាញសង្គមថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកឡើយ រហូតដល់សហរដ្ឋអាមេរិកទទួលបានសំណងពេញលេញចំពោះអ្វីៗដែលយើងបានផ្តល់ឱ្យកាណាដា ហើយពួកគេត្រូវប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកដោយភាពត្រឹមត្រូវ និងការគោរពដែលយើងសមនឹងទទួលបាន»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែមានសិទ្ធិធ្វើជាកម្មសិទ្ធិយ៉ាងហោចណាស់ពាក់កណ្តាលលើស្ពាននេះផងដែរ។
នៅឆ្នាំ២០១២ អភិបាលរដ្ឋ Michigan នៅពេលនោះ លោក Rick Snyder បានទទួលយកសំណើរបស់រដ្ឋាភិបាលកាណាដា ដែលព្រមផ្តល់មូលនិធិភាគច្រើនសម្រាប់ការសាងសង់ស្ពាន Gordie Howe និងបានប្រើសិទ្ធិអំណាចប្រតិបត្តិ ដើម្បីឆ្លងកាត់ស្ថាប័ននីតិបញ្ញត្តិរដ្ឋ។ ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលជិតបញ្ចប់។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមករា បានចេញវិធានប្រកាសថា ស្ពាន Gordie Howe នឹងត្រូវកំណត់ជាច្រកចូលផ្លូវការរបស់សហរដ្ឋអាមេរិក។
ស្ថានទូតកាណាដាប្រចាំទីក្រុងវ៉ាស៊ីនតោន ការិយាល័យអភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer និងអាជ្ញាធរស្ពាន មិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការគំរាមកំហែងរបស់លោកត្រាំនៅឡើយទេ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោកស្រី Elissa Slotkin ដែលតំណាងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Michigan បានព្រមានថា ការរារាំងគម្រោងនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ដោយនឹងបង្កើនការចំណាយសម្រាប់អាជីវកម្ម បង្កភាពងាយរងគ្រោះលើខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយឱកាសការងារ។
លោកស្រីបានបន្ថែមថា វិធានការរបស់លោកត្រាំ គឺជា «ការដាក់ទណ្ឌកម្មលើប្រជាជន Michigan សម្រាប់សង្គ្រាមពាណិជ្ជកម្មដែលលោកផ្ទាល់បានចាប់ផ្តើម» ហើយបានអះអាងថា មូលហេតុដែលកាណាដាជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន គឺដោយសារសម្ពាធពីរដ្ឋបាលសហរដ្ឋអាមេរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
តាមទិន្នន័យនៅឆ្នាំ២០២៣ ទីក្រុង Detroit គឺជាកំពង់ផែដឹកទំនិញធំជាងគេទីពីររបស់សហរដ្ឋអាមេរិក គិតតាមតម្លៃ និងជាច្រកពាណិជ្ជកម្មធំជាងគេនៅព្រំដែនសហរដ្ឋអាមេរិក–កាណាដា ដោយមានទំនិញតម្លៃប្រមាណ ១២៦ ពាន់លានដុល្លារ ត្រូវបានជួញដូរតាមរយៈរថយន្តដឹកទំនិញពាណិជ្ជកម្ម។
![]()
ស្ពាន Gordie Howe ត្រូវបានរំពឹងថា នឹងជួយសម្រួលចរាចរណ៍រថយន្តដឹកទំនិញ ដែលបច្ចុប្បន្នពឹងផ្អែកលើស្ពាន Ambassador Bridge និងអាចកាត់បន្ថយពេលវេលាឆ្លងកាត់ប្រហែល ២០ នាទី។ ការសិក្សារបស់សាកលវិទ្យាល័យ Windsor បង្ហាញថា ស្ពាននេះអាចជួយសន្សំសំចៃថ្លៃដឹកជញ្ជូនប្រមាណ ២,៣ ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ ឆ្នាំ។
ក្នុងអាណត្តិទីពីររបស់លោក លោកត្រាំបានបន្តចាត់វិធានការរឹតបន្តឹងពាណិជ្ជកម្មលើកាណាដា ដោយបានគំរាមដាក់ពន្ធខ្ពស់ជាច្រើនដង។ កាលពីខែមុន លោកបានព្រមានថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០ ភាគរយ លើកាណាដា ប្រសិនបើប្រទេសនេះអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីខែមករា បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីកែលម្អទំនាក់ទំនងដ៏តានតឹង និងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់កាណាដា បន្ទាប់ពីសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោកត្រាំក៏បានគំរាមដាក់ពន្ធនាំចូល ៥០ ភាគរយ លើយន្តហោះអាជីវកម្មដែលផលិតនៅប្រទេសកាណាដា រួមទាំង Bombardier Global Express ផងដែរ បើកាណាដាមិនទិញយន្តហោះពីក្រុមហ៊ុនអាមេរិក Gulfstream។ ទោះជាយ៉ាងណា រដ្ឋបាលលោកត្រាំមិនទាន់បានអនុវត្តវិធានការជាក់ស្តែងណាមួយចំពោះយន្តហោះកាណាដានោះនៅឡើយទេ៕