Close

លោក Trump បញ្ជាក់ថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump បញ្ជាក់ថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ លោក Trump បញ្ជាក់ថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសេតវិមាន នៅចុងឆ្នាំនេះ ខណៈប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក កំពុងស្វែងរកវិធីស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមពាណិជ្ជកម្ម។

លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC News ដែលបានថតកាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីលោក និងលោក ស៊ី បានធ្វើការសន្ទនាគ្នាអំពីបញ្ហាពាណិជ្ជកម្ម កោះតៃវ៉ាន់ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងស្ថានការណ៍នៅអ៊ីរ៉ង់។

លោក Trump ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែមេសា មុនពេលមេដឹកនាំចិននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
ថ្លែងក្នុងបទសម្ភាសន៍នោះ លោក Trump បាននិយាយថា៖ «គាត់នឹងមកដល់សេតវិមាន មែនហើយ — នៅចុងឆ្នាំនេះ។ ទាំងនេះគឺជាប្រទេសដែលមានឥទ្ធិពលបំផុតទាំងពីរនៅលើពិភពលោក ហើយយើងមានទំនាក់ទំនងល្អណាស់»

លោក Trump បញ្ជាក់ថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ

ចាប់តាំងពីលោក Trump វិលត្រឡប់មកកាន់សេតវិមានវិញ កាលពីប្រហែលមួយឆ្នាំមុន លោកបានក្លាយជាអ្នកជំរុញសំខាន់នៃគោលនយោបាយពន្ធគយ ដោយដាក់ពន្ធតាមវិស័យជាក់លាក់ លើដែកថែប រថយន្ត និងផលិតផលផ្សេងៗទៀត ព្រមទាំងអនុវត្តវិធានការទូលំទូលាយ ដើម្បីសម្រេចគោលបំណងគោលនយោបាយផ្សេងៗ។

សហរដ្ឋអាមេរិក និងចិន បានប្រឈមមុខគ្នាខ្លាំងលើវិស័យពាណិជ្ជកម្ម ប៉ុន្តែបានឈានដល់ការផ្អាកជម្លោះជាបណ្តោះអាសន្ន បន្ទាប់ពីការកើនឡើងនៃភាពតានតឹងយ៉ាងខ្លាំង កាលពីនិទាឃរដូវកន្លងមក។

ទោះបីជាទីក្រុងវ៉ាស៊ីនតោន បន្តជំរុញគោលនយោបាយកាត់បន្ថយការពឹងផ្អែកលើការផលិតរបស់ចិនក៏ដោយ ក៏ប្រទេសទាំងពីរនៅតែមានភាពពឹងពាក់គ្នាខ្លាំងផ្នែកសេដ្ឋកិច្ច។

លោក ស៊ី ជីនពីង ដែលបានធ្វើទស្សនកិច្ចចុងក្រោយទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ បានព្រមានលោក Trump កាលពីថ្ងៃពុធ ឱ្យបន្តអនុវត្ត «ការប្រុងប្រយ័ត្ន» ចំពោះការលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលជាតំបន់គ្រប់គ្រងដោយខ្លួនឯង ហើយដែលចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

មេដឹកនាំចិនរូបនេះ ក៏បានសម្តែងក្តីសង្ឃឹមថា បញ្ហាទ្វេភាគី រួមទាំងវិស័យពាណិជ្ជកម្ម អាចត្រូវបានដោះស្រាយតាមរយៈទំនាក់ទំនងមិត្តភាពរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

លោក ស៊ី បាននិយាយថា៖ «តាមរយៈការដោះស្រាយបញ្ហាម្តងមួយៗ និងការកសាងទំនុកចិត្តទៅវិញទៅមកជាបន្តបន្ទាប់ យើងអាចបង្កើតផ្លូវត្រឹមត្រូវមួយ សម្រាប់ប្រទេសទាំងពីរឱ្យចុះសម្រុងគ្នា»។

ជាមួយគ្នានេះ លោក Trump បានពិពណ៌នាការសន្ទនាជាមួយលោក ស៊ី ថា «អស្ចារ្យណាស់» ហើយបានបញ្ជាក់ថា មេដឹកនាំទាំងពីរ «ដឹងច្បាស់ថា ការរក្សាទំនាក់ទំនងបែបនេះ មានសារៈសំខាន់យ៉ាងណា»។

ទន្ទឹមនឹងនេះ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការចរចាបីភាគីជាមួយរុស្ស៊ី និងចិន ដើម្បីកំណត់ដែនកំណត់ថ្មីលើអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងប៉េកាំងមកទល់ពេលនេះ បានបដិសេធការចូលរួមក្នុងការចរចារុះរើអាវុធនោះ «នៅដំណាក់កាលនេះ»៕