Close

អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ ទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិននិងបាត់ដំបង

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ ទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិននិងបាត់ដំបង អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ ទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិននិងបាត់ដំបង

ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារសរុបជិត ៤ពាន់នាក់បានចូលរួម និងទទួលបានឱកាសការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឡើងនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ”។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះថា វេទិកាការងារនេះបានរៀបចំឡើងនៅទីតាំង ៤កន្លែង រួមមានស្រុកសាលាក្រៅនិងក្រុងទេពនិមិត្ត ខេត្តប៉ៃលិន និង ស្រុកសំឡូតនិងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែបជូនដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ។

អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ ទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិននិងបាតដំបង

លោកបញ្ជាក់ថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ៣,៧១៣នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

ក្នុងឱកាសនោះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣៩៦នាក់ (តួលេខបឋម) ដែលទទួលបានការងារពីក្រុមហ៊ុន រោងចក្រសហគ្រាសធំៗចំនួន ៧ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានផ្ទាល់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ស៊ុន មេសា។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរដែលខកខានមិនបានចូលរួមក្នុងវេទិកានេះ សូមទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។

សូមរំឮកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៨៧លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕

អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ ទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិននិងបាតដំបង