Close

គណបក្សរបស់លោក អនុធីន ឈ្នះឆ្នោត ក្រោយយកចរន្តជាតិនិយមធ្វើជាដើមទុននយោបាយ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានអន្តរជាតិ
គណបក្សរបស់លោក អនុធីន ឈ្នះឆ្នោត ក្រោយយកចរន្តជាតិនិយមធ្វើជាដើមទុននយោបាយ គណបក្សរបស់លោក អនុធីន ឈ្នះឆ្នោត ក្រោយយកចរន្តជាតិនិយមធ្វើជាដើមទុននយោបាយ

បាងកក៖ លោក អនុធីន ឆានវីរៈគុល បានប្រកាសថា គណបក្សភូមិចៃថៃ (Bhumjaithai) របស់លោក គួរតែជាជម្រើសដំបូងសម្រាប់ប្រជាជនថៃ ដែលមានស្មារតីស្នេហាជាតិ ក្នុងការបោះឆ្នោតសកលដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦។

អ្នកនយោបាយវ័យ ៥៩ ឆ្នាំរូបនេះ បានថ្លែងនៅលើវេទិកាឃោសនាថា «ខ្ញុំសន្យាចំពោះប្រជាជនទាំងអស់ថា ខ្ញុំនឹងការពារប្រទេសថៃ ទោះបីត្រូវប្តូរជីវិតក៏ដោយ។ សូមជ្រើសរើសគណបក្សភូមិចៃថៃ ដើម្បីការពារប្រទេស និងថែរក្សាទឹកដីរបស់យើងទាំងអស់គ្នា»។

គណបក្សរបស់លោក អនុធីន ឈ្នះឆ្នោត ក្រោយយកចរន្តជាតិនិយមធ្វើជាដើមទុននយោបាយ

សុន្ទរកថារបស់លោក អនុធីន បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីយុទ្ធសាស្ត្រនយោបាយរបស់លោក ក្នុងការទាញយកអត្ថប្រយោជន៍ពីចរន្តជាតិនិយម ដែលកំពុងកើនឡើងទូទាំងប្រទេសថៃ បន្ទាប់ពីមានជម្លោះព្រំដែនយ៉ាងតានតឹងជាមួយប្រទេសកម្ពុជា។ យុទ្ធសាស្ត្រនេះ ត្រូវបានចាត់ទុកថាជាការផ្សងសំណាងមួយ ដែលទីបំផុតបានផ្តល់លទ្ធផលវិជ្ជមានមកវិញ។

យោងតាមលទ្ធផលបឋម ដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កាលពីយប់ថ្ងៃអាទិត្យ គណបក្សភូមិចៃថៃ បាននាំមុខយ៉ាងដាច់ខាត លើគណបក្សប្រជាជន ដែលមាននិន្នាការចម្រើននិយម និងគណបក្សភឿថៃ ដែលមាននិន្នាការប្រជាភិថុតិ។

លោក អនុធីន បានប្រាប់អ្នកសារព័ត៌មាន ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្តថា «ស្មារតីជាតិនិយម ស្ថិតនៅក្នុងបេះដូងរបស់សមាជិកគ្រប់រូបនៃគណបក្សភូមិចៃថៃ។ ការគាំទ្រដែលប្រជាជនបានផ្តល់ឱ្យយើង គឺលើសពីអ្វីដែលយើងបានរំពឹងទុក»។

ប្រសិនបើអាចបង្កើតរដ្ឋាភិបាលបានជោគជ័យ លោក អនុធីន នឹងក្លាយជានាយករដ្ឋមន្ត្រីថៃដំបូងគេ ក្នុងរយៈពេលប្រមាណពីរទសវត្សរ៍ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យវិលត្រឡប់មកកាន់តំណែងវិញ បន្ទាប់ពីប្រទេសនេះបានជួបប្រទះអស្ថិរភាពនយោបាយយូរអង្វែង ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

លោក អនុធីន ដែលធ្លាប់ល្បីឈ្មោះពីការជំរុញឱ្យមានការផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា នៅក្នុងប្រទេសថៃកាលពីឆ្នាំ ២០២២ បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីឈានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីអ្នកកាន់តំណែងមុន ត្រូវបានដកចេញពីអំណាច តាមសាលដីការរបស់តុលាការ កាលពីខែសីហា ឆ្នាំមុន។

គួរបញ្ជាក់ថា ការវិលត្រឡប់មកកាន់ឆាកនយោបាយរបស់លោក បានកើតឡើងប្រមាណ ៦ សប្តាហ៍ បន្ទាប់ពីប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដើម្បីបញ្ចប់ការប៉ះទង្គិចតាមព្រំដែន កាលពីខែកក្កដា។ ទោះជាយ៉ាងណា ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀត នៅដើមខែធ្នូ ហើយស្ថានការណ៍បានកាន់តែធ្ងន់ធ្ងរជាងមុន។

ជម្លោះព្រំដែននេះ បានផ្តល់ឱកាសឱ្យលោក អនុធីន ពង្រឹងកេរ្តិ៍ឈ្មោះជាតិនិយមរបស់ខ្លួន ហើយថែមទាំងបើកផ្លូវឱ្យលោក ស្វែងរកអាណត្តិដ៏រឹងមាំមួយ តាមរយៈសំឡេងភាគច្រើននៅក្នុងសភាថៃផងដែរ៕

គណបក្សរបស់លោក អនុធីន ឈ្នះឆ្នោត ក្រោយយកចរន្តជាតិនិយមធ្វើជាដើមទុននយោបាយ