Close

លោក Trump និងលោក Xi ពិភាក្សាលើបញ្ហាស្ថានភាពកោះតៃវ៉ាន់ អ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump និងលោក Xi ពិភាក្សាលើបញ្ហាស្ថានភាពកោះតៃវ៉ាន់ អ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន លោក Trump និងលោក Xi ពិភាក្សាលើបញ្ហាស្ថានភាពកោះតៃវ៉ាន់ អ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានហៅទូរស័ព្ទមួយទៅកាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលលោកពណ៌នាថា «វិជ្ជមានខ្លាំងណាស់»។ សមភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ថាមពល ស្ថានភាពកោះតៃវ៉ាន់ អ៊ីរ៉ង់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការហៅទូរស័ព្ទនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីលោក ស៊ី បានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលមេដឹកនាំទាំងពីរបានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី ចំពេលបរិយាកាសអន្តរជាតិដែលកំពុងមានភាពច្របូកច្របល់។

ក្នុងការបង្ហោះសារតាមបណ្តាញសង្គម លោក Trump បានលើកឡើងថា «អ្វីៗទាំងអស់មានលក្ខណៈវិជ្ជមានខ្លាំងណាស់។ ទំនាក់ទំនងរបស់ខ្ញុំជាមួយប្រទេសចិន និងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយប្រធានាធិបតី Xi គឺជាទំនាក់ទំនងល្អមួយ ហើយយើងទាំងពីរយល់ដឹងពីសារៈសំខាន់នៃការរក្សាវាទៅតាមទិសដៅនេះ»។

លោក Trump និងលោក Xi ពិភាក្សាលើបញ្ហាស្ថានភាពកោះតៃវ៉ាន់ អ៊ីរ៉ង់ និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

លោក Trump ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែមេសាខាងមុខ ហើយបានសង្កត់ធ្ងន់លើទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក ស៊ី ទោះបីជាប្រទេសទាំងពីរនៅតែមានការខ្វែងគំនិតគ្នា លើបញ្ហាប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រួមទាំងអនាគតរបស់កោះតៃវ៉ាន់ក៏ដោយ។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីស្ថានភាពនៅអ៊ីរ៉ង់ ដែលកំពុងប្រឈមនឹងការតវ៉ានាពេលថ្មីៗនេះ និងវិធានការបង្ក្រាបសន្តិសុខយ៉ាងតឹងរឹង។ លោក Trump បានគំរាមថា សហរដ្ឋអាមេរិកអាចធ្វើសកម្មភាពយោធា ប្រសិនបើទីក្រុងតេអេរ៉ង់ មិនធ្វើសម្បទានស៊ីជម្រៅលើបញ្ហាសំខាន់ៗមួយចំនួន ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមឡើយ។

សេចក្តីប្រកាសរបស់រដ្ឋាភិបាលចិន ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua មិនបានលើកឡើងអំពីដំណើរទស្សនកិច្ចដែលរំពឹងទុករបស់លោក Trump ទៅកាន់ប្រទេសចិននោះទេ ប៉ុន្តែបានបញ្ជាក់ថា លោក Trump និងលោក Xi បានរក្សាការប្រាស្រ័យទាក់ទងល្អជាបន្តបន្ទាប់ រួមទាំងការជួបពិភាក្សាផ្ទាល់នៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុនផងដែរ។

លោក ស៊ី ជីនពីង បានថ្លែងថា ការខ្វែងគំនិតគ្នារវាងចិន និងសហរដ្ឋអាមេរិក អាចត្រូវបានដោះស្រាយដោយមិត្តភាព ប្រសិនបើភាគីទាំងពីរផ្អែកលើគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា បញ្ហាការបង្រួបបង្រួមជាមួយតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង និងត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយនៃទឹកដីចិន នៅតែជាអាទិភាពសំខាន់បំផុតសម្រាប់ចិន។

មេដឹកនាំចិនបានបញ្ជាក់ថា បញ្ហាតៃវ៉ាន់ គឺជាចំណុចរសើប និងសំខាន់បំផុតក្នុងទំនាក់ទំនងចិន–អាមេរិក ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បង្ហាញការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលក់អាវុធឱ្យកោះតៃវ៉ាន់។
ក្នុងបរិបទនេះ សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់អាវុធទំហំ ១១ ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ កាលពីខែធ្នូ ដែលត្រូវបានចាត់ទុកថា ជាកញ្ចប់អាវុធធំបំផុតមួយមិនធ្លាប់មាន ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កោះនេះ។

នៅផ្នែកពាណិជ្ជកម្ម លោក Trump បានអះអាងថា ប្រទេសចិនបានយល់ព្រមបង្កើនការទិញសណ្តែកសៀងពីសហរដ្ឋអាមេរិក ពី ១២ លានតោនក្នុងរដូវកាលបច្ចុប្បន្ន ឡើងដល់ ២០ លានតោន ដែលលោកបានពណ៌នាថា ជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់វិស័យកសិកម្មអាមេរិក។

លោកបានបន្ថែមថា ទីក្រុងប៉េកាំង ក៏បានប្តេជ្ញាចិត្តទិញសណ្តែកសៀងចំនួន ២៥ លានតោន នៅរដូវកាលបន្ទាប់ផងដែរ។ ទោះជាយ៉ាងណា សេចក្តីប្រកាសផ្លូវការរបស់ចិន មិនបានលើកឡើងអំពីការទិញសណ្តែកសៀងទាំងនេះឡើយ៕
https://www.aljazeera.com/news/2026/2/4/trump-hails-excellent-phone-call-with-chinas-xi-amid-trade-tensions