ក្រសួងឧស្សាហកម្ម ជំរុញអ្នកផលិតអាហារឱ្យពង្រឹង “សុវត្ថិភាព និងអនាម័យ” ដើម្បីបង្កើនទំនុកចិត្តអតិថិជន
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យឧស្សាហកម្មអាហារ តម្រូវការប្រើប្រាស់ និងការនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈ មជ្ឈមណ្ឌលបច្ចេកវិទ្យាអាហារកម្ពុជា-កូរ៉េ (FTC) នៅទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពចំណីអាហារ និងអនាម័យ»។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល លោក ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង FTC បានគូសបញ្ជាក់ថា ការធានាសុវត្ថិភាពចំណីអាហារគឺជាមូលដ្ឋានគ្រឹះក្នុងការការពារសុខភាពប្រជាពលរដ្ឋ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។

ចំណុចសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖ ស្តង់ដា និងសុវត្ថិភាពចំណីអាហារ និងស្លាកសញ្ញាលើផលិតផល, ការអភិវឌ្ឍអាហារកម្ពុជាស្របតាមស្តង់ដាសុវត្ថិភាព និងគុណភាព, ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអាហារ តាមរយៈបច្ចេកវិទ្យាកែច្នៃអាហារសាកល្បង និង សារធាតុរក្សាទុកអាហារ៖ មុខងារ អត្ថប្រយោជន៍ និងផលប៉ះពាល់ដល់សុខភាព
លោកបណ្ឌិត Kim Young Chan ប្រធានគម្រោងភាគីកូរ៉េ ក៏បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យមកប្រើប្រាស់ឧបករណ៍ និងទទួលប្រឹក្សាបច្ចេកទេសនៅមជ្ឈមណ្ឌល FTC ដើម្បីប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង៕

