Close

កម្ពុជា-ម៉ារ៉ុកចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា-ម៉ារ៉ុកចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌ កម្ពុជា-ម៉ារ៉ុកចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌

ទីក្រុងម៉ារ៉ុក៖ កម្ពុជា និងរ៉ុក នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២៦ បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាធ្វើឡើងរវាង លោស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង Mohammed Mehdi Bensaid រដ្ឋមន្ត្រីក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនងនៃព្រះរាជាណាចក្រម៉ារ៉ុក នាទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារ៉ុក ។

បើតាមក្រសួងវប្បធម៌ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួមរវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសទាំងពីរកាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនិងដើម្បីប្រារព្ធខួបទី៣០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

កម្ពុជា-ម៉ារ៉ុកចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌

ក្រសួងបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានេះ បានផ្តោតទៅលើកិច្ចសហការរួមគ្នាលើវិស័យអភិរក្សលើកស្ទួយមរតវប្បធម៌ទាំងរូបី និងអរូបី ផ្លាស់ប្តូរបទពិសោធន៍លើវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋព្រមទាំងពង្រឹងការផ្លាស់ប្តូរជំនាញ និងការបណ្តុះបណ្តាលលើវិស័យគ្រប់គ្រងសារមន្ទីរ បណ្ណាល័យនិងបណ្ណសារដ្ឋានផងដែរ។

ភាគីទាំងពីរបានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ និងបានពិភាក្សាផងដែរទៅលើប្រភេទការងារមួយចំនួនដើម្បីចាប់ផ្តើមសកម្មភាពជាក់ស្តែងជាមួយគ្នាដោយរួមទាំងគម្រោងរៀបចំឱ្យមានព្រឹត្តិការណ៍វប្បធម៌ទៅវិញទៅមក ការតាំងពិព័រណ៍ផ្សេងៗ និងការផ្លាស់ប្តូរទស្សនកិច្ចការងារជាដើម៕