Close

The Korea Time៖ ការបង្ហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កជម្លោះការទូតជាមួយកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
The Korea Time៖ ការបង្ហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កជម្លោះការទូតជាមួយកម្ពុជា The Korea Time៖ ការបង្ហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កជម្លោះការទូតជាមួយកម្ពុជា

សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Time ឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភអំពីជម្លោះការទូតជាមួយរាជធានីភ្នំពេញ បន្ទាប់ពីការបង្ហោះតាមបណ្តាញសង្គមមួយរបស់ប្រធានាធិបតី លោក Lee Jae Myung ដែលពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោកនៅអាស៊ីអាគ្នេយ៍ បានបង្កឱ្យមានប្រតិកម្មអវិជ្ជមានក្នុងចំណោមសាធារណជនកម្ពុជា។

ការបង្ហោះតាមបណ្តាញសង្គម X (Twitter ) ដែលត្រូវបានលុបចោល ក្រោយពេលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ អំពីក្រុមឧក្រិដ្ឋកម្មឆបោករបស់ចិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងបានបញ្ឈប់ការជ្រើសរើសជនជាតិកូរ៉េ ដោយសារភ័យខ្លាចការបង្ក្រាបពីអាជ្ញាធរកូរ៉េ។ សារនោះត្រូវបានបង្ហោះទាំងជាភាសាកូរ៉េ និងភាសាខ្មែរ។

ក្នុងសារនោះ លោក Lee បានសរសេរថា៖ »បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ ។ នេះ មិនមែណជាការគំរាមកំហែងលេខៗទេ។ ប្រទេសកូរ៉េ បើធ្វើឱ្យ គឺធ្វើដល់ទីបញ្ចប់»។

The Korea Time៖ ការបង្ហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កជម្លោះការទូតជាមួយកម្ពុជា

ទោះជាយ៉ាងណា ការបង្ហោះនេះបានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាជនកម្ពុជា ដែលមើលឃើញថាវាអាចធ្វើឱ្យប្រទេសកម្ពុជាត្រូវបានបង្ហាញក្នុងរូបភាពអវិជ្ជមាន។

លោក Bunly Ek សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Paragon International University បានប្រាប់ The Korea Times ថា រូបភាពនៃការបង្ហោះនេះ «គួរឱ្យព្រួយបារម្ភក្នុងផ្នែកការទូត» ព្រោះវាមិនបានញែកឱ្យច្បាស់រវាង «បណ្តាញឧក្រិដ្ឋកម្មដែលប្រតិបត្តិការនៅកម្ពុជា» និង «ការធ្វើឱ្យកម្ពុជាក្លាយជានិមិត្តរូបនៃការបោកប្រាស់»។

លោកបានបន្ថែមថា ទោះបីគោលដៅជាក្រុមឧក្រិដ្ឋជនឆ្លងដែនក៏ដោយ ក៏ការប្រើភាសា និងរូបភាពអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស និងបង្កការយល់ច្រឡំក្នុងចំណោមសាធារណជន។

ជនជាតិខ្មែររស់នៅកូរ៉េខាងត្បូង ក៏បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដូចគ្នា។ កញ្ញា Malapin Vanny អាយុ ២៤ ឆ្នាំ បានប្រាប់ The Korea Times ថា ការបង្ហោះជាភាសាខ្មែរ បានធ្វើឱ្យនាងមានអារម្មណ៍តូចចិត្ត និងភ័ន្តច្រឡំ ដោយអ្នកខ្លះបានបកស្រាយថា វាបង្ហាញពីកម្ពុជាក្នុងទិសដៅអវិជ្ជមាន។

កញ្ញាបានបន្ថែមថា បន្ទាប់ពីអានបរិបទពេញលេញ នាងបានយល់ថា គោលបំណងមិនមែនដើម្បីប៉ះពាល់ដល់មុខមាត់កម្ពុជា ប៉ុន្តែដើម្បីព្រមានក្រុមឧក្រិដ្ឋជន និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ។

ដូចគ្នានេះ កញ្ញា អុង ឆាមរឿន និស្សិតអាហារូបករណ៍រដ្ឋាភិបាលនៅសាកលវិទ្យាល័យ Yonsei បាននិយាយថា ពាក្យពេចន៍រឹងមាំជាភាសាខ្មែរ បានបង្កការព្រួយបារម្ភ និងប៉ះពាល់ដល់អារម្មណ៍សហគមន៍កម្ពុជានៅកូរ៉េខាងត្បូង ទោះបីវាមិនបានសំដៅទៅលើប្រជាជនកម្ពុជាទាំងមូលក៏ដោយ។

ប្រតិកម្មស្រដៀងគ្នានេះ ក៏ត្រូវបានឃើញនៅលើបណ្តាញសង្គម និងផ្នែកមតិយោបល់នៃអត្ថបទព័ត៌មានរបស់ RFI Khmer ដោយអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់ថា ភាសាការទូតបែបនេះមិនសមស្របសម្រាប់មេដឹកនាំប្រទេសអភិវឌ្ឍន៍មួយឡើយ ហើយថា បញ្ហាឆបោកតាមអ៊ីនធឺណិតគឺជាបញ្ហាសកល មិនមែនជាបញ្ហារបស់ប្រទេសណាមួយតែប៉ុណ្ណោះទេ។

រដ្ឋាភិបាលកម្ពុជា បានបញ្ជូនការមិនពេញចិត្តរបស់ខ្លួនទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោក Kim Chang Young។ បន្ទាប់ពីការឆ្លើយតបនេះត្រូវបានរាយការណ៍ទៅការិយាល័យប្រធានាធិបតី ការបង្ហោះនោះត្រូវបានលុបចោល។ ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល មិនទាន់អាចផ្តល់អត្ថាធិប្បាយភ្លាមៗបាននៅឡើយ។

The Korea Time៖ ការបង្ហោះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កជម្លោះការទូតជាមួយកម្ពុជា

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថយភាពតានតឹងជុំវិញជម្លោះការទូតនេះ ដោយអះអាងថា ទីក្រុងសេអ៊ូល និងទីក្រុងភ្នំពេញ នៅតែរក្សាការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ហើយការទំនាក់ទំនងជាមួយភាគីកម្ពុជា គឺជាផ្នែកមួយនៃការទូតធម្មតា។

ការអភិវឌ្ឍនេះកើតឡើង
ខណៈអាជ្ញាធរកូរ៉េខាងត្បូងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបណ្តាញឆបោកតាមអ៊ីនធឺណិត ដែលប្រតិបត្តិការនៅកម្ពុជា និងបានទាក់ទាញជនជាតិកូរ៉េជាច្រើន តាមរយៈការផ្តល់ការងារក្លែងក្លាយ ដែលក្នុងករណីខ្លះ នាំទៅដល់ការបង្ខំឱ្យចូលរួមក្នុងអំពើឆបោក និងការជួញដូរមនុស្ស។ កាលពីខែតុលាឆ្នាំមុន អាជ្ញាធរកូរ៉េបានប៉ាន់ប្រមាណថា មានជនជាតិកូរ៉េប្រហែល ១,០០០ នាក់ ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា។

ជាផ្នែកមួយនៃការឆ្លើយតប ទីក្រុងសេអ៊ូលបានបង្កើតក្រុមការងារពិសេស និងធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលកូរ៉េបានរៀបចំជើងហោះហើរជួល ដើម្បីនាំយកជនសង្ស័យជនជាតិកូរ៉េ ៧៣ នាក់ ត្រឡប់ទៅប្រទេសវិញ ក្នុងសំណុំរឿងឆបោក ដែលបានប៉ាន់ប្រមាណការខូចខាតប្រហែល ៤៦ ពាន់លានវ៉ុន។ នេះជាការធ្វើមាតុភូមិនិវត្តន៍ធំជាងគេទីពីរ បន្ទាប់ពីករណីស្រដៀងគ្នាកាលពីខែតុលា៕