Close

តម្លៃប្រេងហក់ឡើង ខណៈលោក ត្រាំ គំរាមអ៊ីរ៉ង់ និងជំរុញឱ្យធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
តម្លៃប្រេងហក់ឡើង ខណៈលោក ត្រាំ គំរាមអ៊ីរ៉ង់ និងជំរុញឱ្យធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ តម្លៃប្រេងហក់ឡើង ខណៈលោក ត្រាំ គំរាមអ៊ីរ៉ង់ និងជំរុញឱ្យធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អាមេរិក៖ តម្លៃប្រេងឆៅនៅទីផ្សារពិភពលោក បានកើនឡើងកាលពីថ្ងៃពុធ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចេញសារគំរាមទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយអះអាងថា កម្លាំងយោធាដ៏ធំមួយកំពុងឆ្ពោះទៅរកតំបន់ និងថា ពេលវេលាសម្រាប់ការធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ “កំពុងអស់ទៅហើយ”។

តម្លៃ ប្រេងគោលសកល Brent បានកើនឡើង ៨៣ សេន ឬ ១,២៣% ឬជិតតម្លៃ ៦៨,៤០ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់សហរដ្ឋអាមេរិក (WTI) កើនឡើង ៨២ សេន ឬ ១,៣១% ទៅដល់ ៦៣,២១ ដុល្លារ ក្នុងមួយបារ៉ែល។

ក្នុងសារបង្ហោះតាមបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ លោក Trump បាននិយាយថា កងនាវាចម្បាំង (Armada) ដ៏ធំមួយកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបញ្ជាក់ថា វាកំពុងដំណើរការយ៉ាងលឿន និងមានអំណាចខ្លាំង។

តម្លៃប្រេងហក់ឡើង ខណៈលោក ត្រាំ គំរាមអ៊ីរ៉ង់ និងជំរុញឱ្យធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ជាមួយគ្នានេះ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃចន្ទថា ក្រុមនាវាចម្បាំង Abraham Lincoln Carrier Strike Group បានមកដល់តំបន់មជ្ឈិមបូព៌ា ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោក Trump ក៏បានគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលតេអេរ៉ង់បន្តសម្លាប់បាតុករ ក្នុងអំឡុងការបះបោរដ៏ធំមួយនៅដើមខែនេះ ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បង្ក្រាបការតវ៉ា។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ លោក Trump នៅតែមិនទាន់បញ្ជាឱ្យមានអន្តរាគមន៍យោធាដោយផ្ទាល់ឡើយ។

ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា កងនាវាដែលត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា មានទំហំធំជាងកម្លាំងដែលសហរដ្ឋអាមេរិកធ្លាប់ដាក់ពង្រាយទៅកាន់តំបន់ការ៉ាប៊ីន មុនពេលចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro។

ក្នុងសារមួយផ្សេងទៀតកាលពីថ្ងៃអង្គារ លោក Trump បានប្រៀបធៀបស្ថានការណ៍អ៊ីរ៉ង់ជាមួយវេណេស៊ុយអេឡា ដោយបញ្ជាក់ថា កងកម្លាំងអាមេរិក “ត្រៀមខ្លួនជាស្រេច មានឆន្ទៈ និងអាចអនុវត្តបេសកកម្មបានយ៉ាងឆាប់រហ័ស ប្រសិនបើចាំបាច់”។

លោកបានអំពាវនាវឱ្យអ៊ីរ៉ង់យល់ព្រមធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយសរសេរថា៖ “ពេលវេលាកំពុងកន្លងផុតទៅ វាពិតជាមានសារៈសំខាន់ណាស់! MAKE A DEAL!”

ជាមួយគ្នានេះ លោក Trump បានព្រមានថា ការវាយប្រហារណាមួយដែលអាចកើតមាន នឹងមានភាពធ្ងន់ធ្ងរជាងយុទ្ធនាការទម្លាក់គ្រាប់បែក ដែលលោកធ្លាប់បញ្ជាកាលពីខែមិថុនាឆ្នាំមុន លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយថ្លែងថា “ការវាយប្រហារលើកក្រោយ នឹងអាក្រក់ជាងមុនទៅទៀត”៕

https://www.cnbc.com/2026/01/28/oil-prices-today-trump-iran.html