សហគមន៍កសិកម្មទំនើប ១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាសរុបជាទឹកប្រាក់ជិត ៩លានដុល្លារ
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)សរុបជាទឹកប្រាក់ជិត៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារជាជំនួយឥតសំណង និងប្រមាណ៦លានដុល្លារទៀតជាកម្ចីដើមទុនការប្រាក់ទាប។ នេះ បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦។
លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតថា មាន១១សហគមន៍នៃសហគមន៍ទាំង១៧នេះគឺជាសហគមន៍កសិកម្មទំនើប ក្នុងនោះខេត្តសៀមរាបមានរហូតដល់ទៅ៦សហគមន៍ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំង៨ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅក្នុងវគ្គនេះ។
បើតាម លោក ឃឹម ហ្វីណង់ សហគមន៍ទាំងនេះគឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្មនិងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។

ដោយហេតុផលនេះហើយទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ.
សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។ លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕
