Close

នាយករដ្ឋមន្ត្រីកាណាដា បដិសេធបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្រោយមានសម្ពាធពន្ធគយពីលោក ត្រាំ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីកាណាដា បដិសេធបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្រោយមានសម្ពាធពន្ធគយពីលោក ត្រាំ នាយករដ្ឋមន្ត្រីកាណាដា បដិសេធបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្រោយមានសម្ពាធពន្ធគយពីលោក ត្រាំ

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអះអាងថា ប្រទេសកាណាដា មិនមានចេតនាបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយប្រទេសចិនទេ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធគយយ៉ាងខ្លាំងលើការនាំចេញរបស់កាណាដា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Carney បានបញ្ជាក់ថា កាណាដាគោរពយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម កាណាដា–អាមេរិក–ម៉ិកស៊ិក (CUSMA) ដែលត្រូវបានហៅថា USMCA នៅសហរដ្ឋអាមេរិក ហើយកាណាដានឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយ ដែលអាចប៉ះពាល់ដល់ភាគីដៃគូទាំងពីរនោះ ដោយគ្មានការជូនដំណឹងជាមុនឡើយ។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីលោក Trump បានគំរាមដាក់ពន្ធគយដល់ ១០០% លើការនាំចេញរបស់កាណាដា ប្រសិនបើទីក្រុងអូតាវ៉ា បន្តឬពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ លោក Trump បានសរសេរថា ប្រសិនបើលោក Carney គិតថា កាណាដាអាចក្លាយជាច្រករបៀងឱ្យប្រទេសចិន បញ្ជូនទំនិញ និងផលិតផលចូលទៅក្នុងសហរដ្ឋអាមេរិក នោះលោក “យល់ច្រឡំយ៉ាងខ្លាំង”។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា បានកើនឡើងបន្ថែមទៀត បន្ទាប់ពីលោក Trump កាលពីសប្តាហ៍មុន បានដកលិខិតអញ្ជើញកាណាដា ឱ្យចូលរួមក្នុង ក្រុមប្រឹក្សាសន្តិភាព របស់ខ្លួន បន្ទាប់ពីលោក Carney បានថ្លែងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ដោយព្រមានប្រឆាំងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសំណាក់មហាអំណាចពិភពលោក។

នាយករដ្ឋមន្ត្រីកាណាដាបដិសេធបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្រោយមានសម្ពាធពន្ធគយពីលោក ត្រាំ

ទោះមិនបានបញ្ចេញឈ្មោះប្រទេសណាមួយជាក់លាក់ក៏ដោយ លោក Trump បានឆ្លើយតបនៅខាងក្រៅវេទិកា WEF ថា កាណាដា “រស់នៅដោយសារតែសហរដ្ឋអាមេរិក” ហើយបានព្រមានឱ្យលោក Carney “ចងចាំពាក្យរបស់ខ្លួន” នៅពេលថ្លែងសេចក្តីប្រកាសនាពេលក្រោយ។

គួរឱ្យកត់សម្គាល់ថា វោហារសាស្ត្រដ៏រខ្លាំងក្លារបស់លោក Trump លើ Truth Social ផ្ទុយពីការអះអាងរបស់គាត់កាលពីដើមខែនេះ ដែលថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកាណាដា និងចិន គឺជា “រឿងល្អ” ប្រសិនបើអាចទទួលបានលក្ខខណ្ឌសមស្រប។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ក៏បានបន្ទរទស្សនៈនេះ ដោយប្រាប់ទូរទស្សន៍ ABC News ថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតឱ្យកាណាដាក្លាយជាច្រកចូលសម្រាប់ទំនិញថោកពីប្រទេសចិន ចូលទៅក្នុងទីផ្សារអាមេរិកបានឡើយ។

នាយករដ្ឋមន្ត្រីកាណាដាបដិសេធបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ក្រោយមានសម្ពាធពន្ធគយពីលោក ត្រាំ

នៅថ្ងៃទី ១៦ ខែមករា កន្លងទៅ កាណាដា និងចិន បានសម្រេចកិច្ចព្រមព្រៀងបឋមមួយ ដោយភាគីទាំងពីរបានព្រមព្រៀងទម្លាក់ពន្ធគយលើទំនិញមួយចំនួន។ តាមកិច្ចព្រមព្រៀងនេះ កាណាដានឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនីចិនចំនួន ៤៩,០០០ គ្រឿងក្នុងមួយឆ្នាំ ចូលទីផ្សារក្នុងអត្រាពន្ធទាប ៦.១% បន្ទាប់ពីការដំឡើងពន្ធរហូតដល់ ១០០% កាលពីខែតុលា ឆ្នាំ២០២៤ រួមជាមួយសហរដ្ឋអាមេរិក។

ជាថ្នូរមកវិញ ចិននឹងកាត់បន្ថយពន្ធលើការនាំចេញកសិផលកាណាដា រួមទាំងពន្ធលើ canola seed ដែលនឹងធ្លាក់ចុះមកត្រឹម ១៥% ចាប់ពីថ្ងៃទី ១ ខែមីនា ខាងមុខ ពីកម្រិត ៨៥% បច្ចុប្បន្ន។ ផលិតផលផ្សេងទៀត ដូចជា អាហារ canola បង្កង ក្តាម និងសណ្តែក នឹងមិនត្រូវជាប់ពន្ធប្រឆាំងការរើសអើងរបស់ចិន យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២៦។

លោក Carney បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយចិន គឺមានគោលបំណង “កែតម្រូវបញ្ហាដែលបានកើតឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ” ហើយបានអះអាងថា វា ស្របតាមកិច្ចព្រមព្រៀង CUSMA ទាំងស្រុង។

គួររំលឹកថា កាលពីខែសីហា ឆ្នាំ ២០២៥ លោក Trump បានដំឡើងពន្ធគយលើទំនិញកាណាដា ដល់ ៣៥% ពី ២៥%។ ទោះជាយ៉ាងណា ការនាំចេញភាគច្រើនរបស់កាណាដា នៅតែរួចផុតពីពន្ធក្រោម CUSMA ខណៈទំនិញមួយចំនួន ដូចជា ដែកថែប ទង់ដែង និងរថយន្ត ព្រមទាំងគ្រឿងបន្លាស់រថយន្តខ្លះៗ នៅតែត្រូវជាប់ពន្ធគយអាមេរិក៕