Close

សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ សង្គម
សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្នន័យអត្តសញ្ញាណបុគ្គល បណ្តុំទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។

នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចក្រឡាហោម មានប្រសាសន៍ឱ្យដឹងថា កន្លងមកទាក់ទងនឹងបទបញ្ញាតិ្តនៃការចុះបញ្ជីស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នៅមានភាពរប៉ាត់រប៉ាយ ដែលបង្កការលំបាកក្នុងការទទួលបានព័ត៌មានជាក់លាក់ ច្បាស់លាស់ និងមិនទាន់មានភាពគ្រប់គ្រាន់ ដែលពុំទាន់ឆ្លើយតបទៅនឹងសភាពការណ៍នាពេលបច្ចុប្បន្ន។

សម្តេចក្រឡាហោម បានបន្តថា ដោយមើលឃើញពីការរីកចម្រើន និងតម្រូវការចាំបាច់នេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះឡើង។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអនុត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន១៣ជំពូក និង១៨២មាត្រា ដែលរៀបចំឡើងដើម្បីកំណត់អំពីវិធាន និងនីតិវីធីដែលទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការរៀបចំស្ថិតិអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល និងការរៀបចំ និងការគ្រប់គ្រងបញ្ជីប្រជាជនដើម្បី ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម៕

អត្ថបទទាក់ទង