ជនជាតិជប៉ុនមួយរូបខំបកប្រែសៀវភៅនិយាយអំពី «ពិធីឆ្លងវ័យរបស់ខ្មែរ» ទៅជាភាសាជប៉ុនឱ្យពលរដ្ឋខ្លួនបានយល់ដឹងពីអំពីវប្បធម៌ខ្មែរ
ភ្នំពេញ៖ លោក យ៉ូស៊ីណុ មីណុរឹ (Yoshino Minoru) បានខិតខំបកប្រែសៀវភៅនិយាយអំពី «ពិធីឆ្លងវ័យរបស់ខ្មែរ» ទៅជាភាសាជប៉ុន ហើយបោះពុម្ពផ្សាយនៅប្រទេសរបស់គាត់ ដើម្បីឱ្យពលរដ្ឋជនបានយល់ដឹងពីអំពីវប្បធម៌ខ្មែរ។ នេះ បើតាមលោក ព្រាប ចាន់ម៉ារ៉ា ដែលជាអ្នកនិពន្ធខ្មែរ។
លោក ព្រាប ចាន់ម៉ារ៉ា បានថ្លែងថា លោក យ៉ូស៊ីណុ មីណុរឹ បានព្យាយាមស្កាត់មកជួប លោកនៅសាលារចនា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដោយយកសៀវភៅនោះមួយចំនួនមកឲ្យផង ។

លោក ព្រាប ចាន់ម៉ារ៉ា បន្ថែមថា « គាត់ប្រាប់ថា គាត់ប្រឹងប្រែងបន្តបកប្រែសៀវភៅ «កម្រងអត្ថបទពត៌មានវប្បធម៌ខ្មែរ» របស់អង្គការ យសោធរ ទៅជាភាសាជប៉ុនដើម្បីផ្សព្វផ្សាយឲ្យជនជាតិគាត់បានយល់ដឹងអំពីវប្បធម៌ខ្មែរខ្លះ »។
ជាមួយគ្នានេះ លោក ព្រាប ចាន់ម៉ារ៉ា បានសូមគោរព កោតសរសើរ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ល្អ ប្រពៃ ស្មោះស ដែលលោកស៊ីណុ មីណុរឹ (Yoshino Minoru) ខិតខំធ្វើដោយសុទ្ធចិត្ត ថ្លៃថ្លា ៕
