ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង, អនុផែនការងារជំនាញ, លោក-លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោក អធិការ-អធិការងនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នាយផ្នែកការិយាល័យជំនាញ និងមន្រ្តីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរង ទទួលផែនការងារសេនាធិការ ឡើងរាយការណ៍នូវរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បន្ទាប់មកទៀតលោកស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន, ផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារនគរបាលចរាចរណ៍, ឡើង ធ្វើបទបង្ហាញពីបទពិសោធន៍ដឹកនាំការងារប្រចាំថ្ងៃនិងវិធានការណ៍បង្ការទប់ស្កាត់ព្រមទាំងវិធានការណ៍ដោះស្រាយបញ្ហាប្រឈម សំណូមពរ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ យកទៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ អនុវត្តការងារកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ និងកោតសរសើរដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានយកចិត្តទុកដាក់អនុវត្តការរងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ប្រកបដោយសុខសុវត្ថិភាព តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិ -សង្កាត់-មានសុវត្ថិភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងបន្តស្រាវជ្រាវបង្រ្កាបមុខសញ្ញា ប្រព្រឹត្តបទល្មើសដែលនៅសេសសល់ដើម្បីយកទៅអនុវត្តច្បាប់ និងខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនជាប្រចាំដោយមិនដកថយឡើយ បន្តដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព ដោយពិនិត្យឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យជនរងគ្រោះស្លាប់មានការកើនឡើង បន្តទប់ស្កាត់រថយន្តធុនធំចូលក្រុងខុសពេលវេលា និងស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយម៉ឺងម៉ាត់ បង្ការបង្រ្កាបក្មេងទំនើង និងបទល្មើសផ្សេងៗផងដែរ។
ឯកឧត្តមស្នងការ ក៏បានវាយតម្លៃនិងកោតសរសើរចំពោះកងកម្លាំងជំនាញព្រហ្មទណ្ឌ បានខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសព្រហ្មទណ្ឌ លួច ឆក់ប្លន់ ក្មេងទំនើង មានសមត្ថភាពបង្រ្កាបអស់ប្ញសគល់ និងប្រើប្រាស់សកម្មភាពចេញល្បាត តាមវិធានការណ៍ជំនាញ និងរួមសហការគ្នាបានល្អគ្រប់ផ្នែកនិងជំនាញ៕
