រដ្ឋមន្ត្រីវប្បធម៌ ដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ សន្តិភាព និងរំលឹកគុណបុព្វបុរសខ្មែរ នៅមុខប្រាសាទអង្គរវត្ត
សៀមរាប៖ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ បណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំជាច្រើនរូប រៀបចំពិធីបួងសួងផ្នែកសាសនានៅមុខនាគនៃប្រាសាទអង្គរវត្ត ដើម្បីសុំសេចក្ដីសុខ សន្តិភាព និងរំលឹកគុណបុព្វបុរសខ្មែរ ក៏ដូចជាឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ និងវីរកងទ័ពខ្មែរគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី។

នៅក្នុងពិធីនោះ លោកអាចារ្យបានធ្វើការបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ អារុក្ខ អារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី ទេវតា ទេពធីតាដែលថែរក្សាប្រាង្គប្រាសាទ ព្រះអង្គចេក ព្រះអង្គចម លោកយាយទេព តាដំបងដែក ដំបងគ្រញូង លោកតារាជ្យ លោកតាពេជ្យ ព្រះអង្គរតូច និងព្រះអង្គធំខ្នងភ្នំគូលែន ដើម្បីសុំការអនុញ្ញាតប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរលើកទី៥ បួងសួងសុំបារមីវត្ថុស័ក្ដិសិទ្ធិ ការពារ បូរណភាពទឹកដី ជៀសវាងអំពើអប្បមង្គល និងបណ្ដេញចេញនូវបច្ចាមិត្រទាំងឡាយ និងសូមឱ្យវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ទទួលបានជ័យជម្នះ គ្រប់សមរភូមិ និងជួបតែសុខសុវត្ថិភាពក្នុងការតស៊ូការពារបូរណភាពទឹកដី។

បន្ទាប់ពីកិច្ចបួងសួងផ្នែកសាសនា អ្នកដឹកនាំបានបន្តអុជធូបបួងសួងនៅតាមទីស័ក្ដិសិទ្ធិជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត។ ក្នុងពេលជាមួយគ្នានោះ ព្រះសង្ឃនៃព្រះពុទ្ធសាសនាជាច្រើនអង្គ ក៏បាននិមន្តស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរស និងវីរជនការពារជាតិផងដែរ។
ក្នុងឱកាសនៃពិធីបួងសួងនេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំស្ដង់តាំងបង្ហាញសមិទ្ធិផលនានាទាក់ទងនឹងកិច្ចការអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរ និងមហាជនបានទស្សនាផងដែរ៕

