Close

អបអរសាទរ! យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាជំនាញទេសចរណ៍

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
អបអរសាទរ! យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាជំនាញទេសចរណ៍ អបអរសាទរ! យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាជំនាញទេសចរណ៍

សៀមរាប៖ យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ចំនួន ២០០រូប បានបញ្ជប់ការសិក្សាដោយជោគជ័យលើជំនាញបដិសណ្ឋារកិច្ចលើជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ រយៈពេល ៨ខែ ដែលបណ្តុះបណ្តាលដោយសមាគម Siem Reap Tourism Club Association- STC ។

ការបណ្តុះបណ្តាលជូនយុវជនខាងលើនេះ ក្រោយសហហិរញ្ញប្បទានពី មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund និងការសម្របសម្រួលបច្ចេកទេសពី កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme នៃក្រសួងទេសចរណ៍។

អបអរសាទរ!យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាកជំនាញទេសចរណ៍

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប គិតតមកទល់ពេលនេះ បានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះចំនួន៣វគ្គ ចាប់ពីឆ្នាំ២០២៣ សរុបចំនួន ៧០០រូប ចាក់បញ្ជូលទៅក្នុងទីផ្សារការងារនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តាខេត្តនានាទាំងទាំងប្រទេស។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ វគ្គទី៣ ដោយមានអញ្ជើញជាអធិបតី លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាង លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បើតាមរបាយការណ៍លោក សែត កៅ ប្រធានក្លឹបសមាគមទេសចរណ៍ខេត្តសៀមរាប (STC)កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្រោម សហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រងាយរងគ្រោះ ទូទាំងខេត្តសៀមរាប ក្នុងរយៈ៨ខែ តាមរយៈគម្រោង និងកិច្ចសហការខាងលើសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបបានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រ ងាយរងគ្រោះចំនួន៣វគ្គ ចាប់ពីឆ្នាំ២០២៣ សរុបចំនួន៧០០រូប ចាក់បញ្ជូលទៅក្នុងទីផ្សារការងារនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តាខេត្តនានាទាំងប្រទេស។

អបអរសាទរ!យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាកជំនាញទេសចរណ៍

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលផ្នែក បដិសណ្ឋារកិច្ច ហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ គឺជាវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់ក្នុងការជម្រុញឱ្យយុវជនដែលបោះបង់ការសិក្សាងាកមកសិក្សាជំនាញបដិសណ្ឋារកិច្ចរយៈពេលខ្លីចំណេញពេលវេលា ទទួលបានបំណិនជីវិតស្របតាមគោលនយោបាយ របស់រដ្ឋាភិបាលគឺ «មនុស្សម្នាក់ ជំនាញមួយ» និងការកសាងសមត្ថភាពរបស់យុវជនកម្ពុជាឱ្យកាន់តែល្អប្រសើរជាងមុន ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបទល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ ជាពិសេសលើកកម្ពស់គុណភាព សេវាកម្ម ផ្នែកទេសចរណ៍នៅក្នុងខេត្តសៀមរាបក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងខេត្តមានជំនឿមុតមាំថា៖ ប្អូនៗទាំងអស់មានសមត្ថភាពក្នុងការបន្តអភិវឌ្ឍខ្លួនឯង និងប្រកួតប្រជែងក្នុងទីផ្សារការងារវិស័យទេសចរណ៍ ដែលកំពុងត្រូវការកម្លាំងពលកម្មមានជំនាញខ្លាំងបំផុត នៅសម័យបច្ចុប្បន្ន ហើយសង្ឃឹមថាប្អូនៗនឹងក្លាយជាកម្លាំងសំខាន់មួយក្នុងការអភិវឌ្ឍខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។

អបអរសាទរ!យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាកជំនាញទេសចរណ៍

ជាមួយគ្នានេះដែរ លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាព ដាក់ចុះកម្មវិធីបណ្តុះបណ្តាលតាមស្តង់ដាសមត្ថភាពអាស៊ាន (ASEAN MRA-TP) សម្រាប់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ខាងមុខ ។

លោក ប៉ាក់ សុខុម ក៏បានស្នើដល់មូលនិធិអភិវឌ្ឍន៍ជំនាញ បន្តគាំទ្រដល់សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប គ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀត រួមទាំងវិស័យឯកជន ដើម្បីផ្តល់សហហិរញ្ញប្បទាន គាំទ្រដល់ការបណ្តុះបណ្តាលអ្នកជំនាញថ្មី (Skilling) ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកជំនាញបច្ចុប្បន្ន (Up-Skilling) និងការបណ្តុះបណ្តាលគ្រូបង្គោល (Training of Trainers) ឱ្យបានកាន់តែច្រើនក្នុងកម្រិតអប្បបរមា៕

អបអរសាទរ!យុវជនថ្មីមកពីគ្រួសារក្រីក្រងាយរងគ្រោះ ២០០រូប បញ្ជប់ការសិក្សាកជំនាញទេសចរណ៍