កម្ពុជា-ចិន ចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន ៨ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ភ្នំពេញ៖ កម្ពុជា និងចិននៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ បាន ប្រកាសចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន ៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះ បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥។
ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។

បើតាមក្រសួង គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ដែលត្រូវបានប្រកាសចាប់ផ្តើមអនុវត្តនាពេលនេះ ជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។
ភាពជាដៃគូនេះត្រូវបានកសាងដោយផ្អែកលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” និងអនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងពីរ។ ដំណើរការបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងកិច្ចប្រជុំលើកទីមួយ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តររដ្ឋាភិបាល ចិន-កម្ពុជា ដែលបានកំណត់វិស័យអាទិភាពសម្រាប់កម្មវិធីស្រាវជ្រាវរួមគ្នា។
សំណើគម្រោងចំនួន៨ ក្នុងចំណោមសំណើប្រមាណ៧០ ដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរ ត្រូវបានជ្រើសរើស។ ការណ៍នេះបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការជ្រើសរើសគម្រោងប្រកបដោយភាពប្រកួតប្រជែង។

លោក Dai Gang អគ្គនាយកនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្តល់នូវផ្លែផ្កានវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។”
លោក បណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងទាំងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍទេពកោសល្យ ពង្រឹងទំនាក់ទំនងស្ថាប័នកាន់តែស៊ីជម្រៅ និងជំរុញការស្រាវជ្រាវរួមគ្នា ដែលគាំទ្រអាទិភាពអភិវឌ្ឍន៍ជាតិ។
លោកបន្តថា វិស័យស្នូលចំនួន៤ នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះមានបច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាជីវសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងបរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងសមត្ថភាពឌីជីថល, និងវិទ្យាសាស្រ្តទិន្នន័យ ដើម្បីពង្រឹងការវិភាគ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។
វដ្តនៃការអនុវត្តគម្រោងទាំងនេះត្រូវបានកំណត់សម្រាប់រយៈពេល២ ឆ្នាំ។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរហូតដល់២ លានយ៉ន់ ឬប្រមាណ២៨ម៉ឺនដុល្លារអាមេរិក សម្រាប់ក្រុមស្រាវជ្រាវនីមួយៗរបស់ប្រទេសចិន។ ទន្ទឹមនឹងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា នឹងផ្តល់ការគាំទ្រស្ថាប័ន និងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជា។
ប្រទេសទាំងពីរក៏នឹងបន្តកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាផ្សេងៗ ដូចជាគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ និងគណៈកម្មាធិការរួមអាស៊ាន-ចិនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់វឌ្ឍនភាពវិទ្យាសាស្ត្រក្នុងតំបន់៕
