ចិន និងអាមេរិក បញ្ចេញកញ្ចប់ថវិការៀងខ្លួនរាប់ពាន់ដុល្លារ ដើម្បីយកឈ្នះសង្គ្រាមបន្ទះឈីប
បរទេស ៖ ចិនបានប្រកាសផ្តល់ជំនួយប្រមាណ ១៤៥ពាន់លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ស្របពេលដែលអាមេរិកបញ្ចេញកញ្ចប់ថវិកាមូលនិធិ ៥២ពាន់លានដុល្លារសម្រាប់ជាជំនួយដល់ក្រុមហ៊ុនផលិតបន្ទះឈីបដែលមិនមែនជាក្រុមហ៊ុនចិន។
ក្រុមហ៊ុនផលិតបន្ទះឈីបដែលគេរំពឹងថានឹងទទួលបានជំនួយពីរដ្ឋាភិបាលចិនរួមមាន Semiconductor Manufacturing International (SMIC), Hua Hong Semiconductor និង Huawei។
ចំណែកអាមេរិកវិញ គឺនឹងផ្តល់ឲ្យក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួន ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឲ្យយកកញ្ចប់ជំនួយនោះទៅប្រើនៅក្នុងប្រទេសចិន និងរុស្ស៊ីឡើយ ពោលគឺកញ្ចប់ថវិកានេះ បញ្ចេញមកដើម្បីទប់ស្កាត់ការហូរចូលនៃបន្ទះមកពីប្រទេសចិន ឬមកពីក្រុមហ៊ុនចិន ចូលទឹកដីអាមេរិក។
ការទម្លាក់កញ្ចប់ជំនួយខាងលើនេះ ត្រូវបានធ្វើឡើងចំពេលមានភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ ដោយអាមេរិកបានព្យាយាមកាត់បន្ថយការប្រើប្រាស់បន្ទះឈីបដែលផលិតឡើងដោយក្រុមហ៊ុនចិន និងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុកបង្កើនសង្វាក់ផលិតកម្មក្នុងតំបន់ឡើងវិញ៕