Close

កម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម» ដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម» ដើម្បីទាក់ទាញភ្ញៀវទេសចរ កម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម» ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ ប្រទេសកម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិបន្ថែមទៀត។

ពិធីបើកជាផ្លូវការត្រូវបានប្រារព្វធ្វើ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រមទាំងមានការចូលរួមពី អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ និង អ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម (influencers, KOLs) ប្រមាណ ២០០នាក់។

បើតាមក្រសួងទេសចរណ៍ កម្មវិធីដ៏មានសារៈសំខាន់នេះផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងមានការសហការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ផងដែរ។

កម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម»ដើម្បីទាក់ទាញភ្ញៀវទេសចរ

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីទេសចរណកម្ពុជា បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ គាំទ្រ ឧបត្ថម្ភសព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយ នៅរាល់ព្រឹត្តិការណ៍ទេសចរណ៍, កម្មវិធីនានារបស់ក្រសួងទេសចរណ៍, គាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ជាពិសេស កម្មវិធីសប្បុរសធម៌របស់ក្រសួងទេសចរណ៍ នាពេលកន្លងមក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ អ្នកផលិតមាតិកា,Influencers, KOLs ទាំងអស់ ជាជនជាតិខ្មែរក្តី ឬ ជនបរទេសក្តី នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ដែលកន្លងមក បានលះបង់កម្លាំងកាយ, កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, ពេលវេលា, ថវិកាផ្ទាល់ខ្លួន, ធនធាន, សម្ភារៈ សព្វគ្រប់បែបយ៉ាង ក្នុងការចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើងផង និងទៅដល់ពិភពលោក។

កម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម»ដើម្បីទាក់ទាញភ្ញៀវទេសចរ

លោករដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនអ្នកផលិតមាតិកា បញ្ចេញទេពកោសល្យ ការច្នៃប្រឌិត និងសមត្ថភាពក្នុងការបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ និងធម្មជាតិដ៏អស្ចារ្យព្រមទាំងភាពសម្បូរបែបនៃតំបន់សក្តានុពលទេសចរណ៍របស់កម្ពុជា, ម្ហូបអាហារខ្មែរ, ប្រពៃណី ទំនៀមទំលាប់ខ្មែរ,បដិសណ្ឋារកិច្ចកក់ក្តៅ, ការស្នាក់នៅគ្រប់កម្រិត, ការកម្សាន្ត, ស្នាមញញឹមរបស់ប្រជាជនខ្មែរ ទាំងអស់នេះគឺជា អត្តសញ្ញាណខ្មែរ។

ជាពិសេស សូមបងប្អូនបន្តចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន អំពីប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។

សូមជម្រាបជូនថា សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន $5,000, ជ័យលាភីលេខ ២ ទទួលបាន $1,000, ជ័យលាភីលេខ ៣ ទទួលបាន $500។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ៕

កម្ពុជាប្រកាសបើកជាផ្លូវការផលិត «មាតិកាទេសចរណ៍ឆ្នើម»ដើម្បីទាក់ទាញភ្ញៀវទេសចរ