អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញផែនការសន្តិភាព នឹងពិភាក្សាចំណុចចម្រូងចម្រាសជាមួយលោកត្រាំ
ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជំរុញក្របខណ្ឌដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងពិភាក្សាអំពីចំណុចចម្រូងចម្រាសដែលនៅសេសសល់ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Zelenskiy ក៏បានទទូចថា កិច្ចពិភាក្សាទាំងនេះត្រូវតែរួមបញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ។
យ៉ាងណាក៏ដោយ មន្ត្រីអាមេរិក និងអ៊ុយក្រែនបាននិងកំពុងព្យាយាមបង្រួមគម្លាតរវាងភាគីទាំងពីរជុំវិញផែនការរបស់លោក ត្រាំ ក្នុងការបញ្ចប់ជម្លោះ។ ទាក់ទិននឹងបញ្ហានេះ អ៊ុយក្រែនមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការទទួលយកកិច្ចព្រមព្រៀងមួយដែលភាគច្រើនផ្អែកលើលក្ខខណ្ឌរបស់រុស្ស៊ី ដោយខ្លាចក្រែងត្រូវបានបង្ខំឱ្យធ្វើសម្បទានទឹកដី។
ចំណុចចម្រូងចម្រាសដ៏រសើបបំផុតរួមមាន សម្បទានទឹកដី (Territorial Concessions) ៖ ផែនការដំបូងមួយចំនួនបានទាមទារឱ្យទីក្រុងគៀវចុះចាញ់ទឹកដីយ៉ាងទូលំទូលាយ ដូចជាការប្រគល់តំបន់ Donbas ទាំងមូលទៅឱ្យរុស្ស៊ី ដែលជាលក្ខខណ្ឌមួយអ៊ុយក្រែនបានច្រានចោលយ៉ាងដាច់អហង្ការ។ ក្រុមអ្នកការទូតអ៊ុយក្រែនបានព្រមានថា ការទាមទារទឹកដីនៅតែជាចំណុចជាប់គាំងដ៏សំខាន់។

លើសពីនេះទៀត គឺ ផែនការសន្តិភាពដែលបានលើកឡើងអំពីការកំណត់ទំហំ និងសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន និងហាមឃាត់អ៊ុយក្រែនមិនឱ្យចូលរួមក្នុងសម្ព័ន្ធ NATO ដែលជាលក្ខខណ្ឌមួយដែលទីក្រុងគៀវចាត់ទុកថាជាការបោះបង់ចោលសន្តិសុខអនាគតរបស់ខ្លួន។
លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តផ្នែកសន្តិសុខអំពីអ៊ុយក្រែន ត្រូវតែមានការចូលរួមពីអ៊ុយក្រែន ហើយការសម្រេចចិត្តផ្នែកសន្តិសុខអំពីអឺរ៉ុប ត្រូវតែមានការចូលរួមពីអឺរ៉ុប»។
លោក ដូណាល់ ត្រាំ បានថ្លែងតាមបណ្តាញសង្គមកាលពីថ្ងៃអង្គារថា កិច្ចចរចានៅសល់ «តែចំណុចខ្វែងគំនិតគ្នាបន្តិចបន្តួចប៉ុណ្ណោះ»។
លោក ត្រាំ បានបន្ថែមថា លោកទន្ទឹងរង់ចាំជួបជាមួយលោក ហ្សេលេនស្គី និងលោក វ្ល៉ាឌីមៀរ ពូទីន «លុះត្រាតែកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមនេះត្រូវបាន បញ្ចប់ជាស្ថាពរ ឬស្ថិតក្នុងដំណាក់កាលចុងក្រោយ»។
លោក ហ្សេលេនស្គី ទំនងជានឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយលោក ត្រាំ ក្នុងគោលបំណងបញ្ចប់ជំហានចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពនេះ៕
