ក្រសួងអប់រំ និង និង សាកលវិទ្យាល័យអេស៊ីលីដា ចុះកិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសលើជំនាញគណនេយ្យ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍការអប់រំបច្ចេកទេសលើជំនាញគណនេយ្យ”។
ពិធីចុះហត្ថលេខាត្រូវបានធ្វើនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការររៀបចំ ដោយ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និង ក្រោមអធិបតីភាពរបស់ លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរៀបចំ និងអនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញគណនេយ្យ ដល់សិស្សានុសិស្ស នៅតាមសាលារៀនគោលដៅក្នុងការអនុវត្តគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា។
នាឱកាសនោះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ លោក បណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ទំនុកចិត្តនិងបានជ្រើសរើសយកសាកលវិទ្យាល័យ ជាដៃគូសហប្រតិបត្តិការជាមួយក្រសួង ក្នុងសកម្មភាពអភិវឌ្ឍជំនាញវិជ្ជាជីវៈ លើជំនាញគណនេយ្យ នៅតាមវិទ្យាល័យគោលដៅ។

លោកបណ្ឌិត ក្នុងនាមសាកលវិទ្យាល័យ បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមសហការជាមួយក្រសួងក្នុងការដឹកនាំដំណើរការងារក្នុងដំណាក់កាលសាកល្បងនេះ ឱ្យដំណើរការល្អ និងប្រកបដោយប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍កសាងសមត្ថភាពនិងផលិតភាពយុវជន។ លោកបណ្ឌិត បានបន្តរាយការណ៍សង្ខេបពីប្រវត្តិសង្ខេប វឌ្ឍនភាពការងារ និងការរីកចម្រើនរបស់សាកលវិទ្យាល័យ។
ថ្លែងក្នុងកម្មវិធីបើកលោក អ៊ុង បូរាត រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងអង្គភាពជំនាញពាក់ព័ន្ធ ថ្នាក់ដឹកនិងគ្រូបង្រៀន នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបានចូលរួមសហការក្នុងការរៀបចំកម្មវិធីសិក្សាជំនាញគណនេយ្យ យន្តការអនុវត្តនៅតាមសាលារៀនគោលដៅ រហូតដល់ផ្តួចផ្តើមឱ្យមានការចុះកិច្ចព្រមព្រៀងនេះឡើង។
ជាមួយគ្នានេះ លោកបានលើកឡើង អំពី អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធ សហការគ្នារៀបចំនិងអនុវត្ត «គន្លងអប់រំថ្មីនៅកម្ពុជា»។

លោកបានបន្តលើកឡើង និងថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់អនុសាសន៍ និងចង្អុលបង្ហាញដល់ក្រុមការងារបច្ចេកទេស កសាងកិច្ចសហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ លើជំនាញគណនេយ្យ ដែលជាសាកលវិទ្យាល័យឯកទេស។
តាមរយៈកិច្ចព្រមព្រៀងនេះ លោកបានផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេស បន្តសហការជាមួយសាកលវិទ្យាល័យ ឱ្យកាន់តែស្និទ្ធស្នាលនិងរឹងមាំដឹកនាំរៀបចំ និងសម្របសម្រួលការងារនេះ ឱ្យដំណើរការរលូន និងទទួលបានលទ្ធផលល្អ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីនេះ ក្លាយជាកម្មវិធីមួយដែលប្រកបដោយភាពសមស្រប និងប្រសិទ្ធភាពអាចឆ្លើយតបតម្រូវការរបស់អ្នកសិក្សា ផ្តល់នូវចំណេះដឹង ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងជំនាញទន់ ដល់សិស្ស និងយុវជន ស្របតាមបរិបទតម្រូវការទីផ្សារការងារ សហគ្រិនភាព ការអភិវឌ្ឍបៃតង និងឌីជីថលូបនីយកម្ម សម្រាប់ធ្វើឱ្យសិស្សមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា សមត្ថភាពសមស្របក្នុងការចូលបម្រើការងារក្នុងវិស័យឯកជន និងបើកអាជីវកម្មខ្នាតតូច ឬមធ្យមបាន សំដៅលើកកម្ពស់ការផ្តល់សេវាអប់រំដែលល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពយុវជន ដែលចូលមកទទួលយកសេវាផ្នែកអប់រំបច្ចេកទេស និងគន្លងវិជ្ជាជីវៈ ឱ្យមានសមត្ថភាពពេញលេញ ក្លាយជាមូលធនមនុស្យ សំដៅរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

