ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ពិភាក្សាការងារជាមួយ មន្ត្រីក្រសួងសន្តិសុខចិន
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម NIU HAIFENG ( នីវ ហាយហ្នឹង) អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណប្រជាមានិតចិន។

ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងគោលបំណងត្រួតពិនិត្យ បូកសរុបការងារ និងវាយតម្លៃសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ កិច្ចសហការបង្ការ បង្ក្រាបបទល្មើសឆ្លងដែន ជាពិសេស បទល្មើស អនឡាញស្គេម (Online scam) និងសំដៅដាក់ចេញនូវវិធានការសមស្របបន្ថែមទៀត ដេីម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណប្រជាមានិតចិន ឱ្យកាន់តែល្អប្រសើររឹងមាំ និងមានប្រសិទ្ធភាព៕

