ក្រសួងបរិស្ថាន ចុះចាត់វិធានការករណីលេចធ្លាយប្រេង ៣០០០០ លីត្រ ពីទូររថភ្លេីងនៅពោធិ៍សាត់
ពោធិសាត់៖ ក្រុមការងារក្រសួងបរិស្ថាន បានចុះទៅពិនិត្យនិងចាត់វិធានការពារបរិស្ថានបន្ទាន់ករណីទូររថភ្លើងធ្លាក់ផ្លូវបង្កឱ្យលេចធ្លាយប្រេងម៉ាស៊ូតប្រមាណ ៣០០០០ លីត្រ ពីស៊ីទែនផ្ទុកប្រេងចំនួនបី នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យនិងចាត់វិធានការទប់ស្កាត់កុំឱ្យសំណល់ប្រេង ម៉ាស៊ូត ដែលលេចធ្លាយចេញពីទូររថភ្លើង ក្រឡាប់ចេញពីផ្លូវរត់ នៅចំណុចភូមិច្រេស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបាកាន។

ក្រុមការងារបានស្នើឱ្យសមត្ថកិច្ចនិងក្រុមហ៊ុនដឹកជញ្ជូនធ្វើការទប់ស្កាត់ក្នុងជំហានដំបូងគឺ៖
១) មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅប្រមូលសំណល់ប្រេងហូរចេញពីស៊ុីទែនរថភ្លើង ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព និងកាត់បន្ថយវិសាលភាពនៃសាយភាយសំណល់ប្រេងទៅទីតាំងផ្សេង
២) ពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងឧប្បទ្ទហេតុ ដែលអាចទទួលរងផលប៉ះពាល់ដល់សុខភាព
៣) លើកទំនប់បន្ថែមនៅទីតាំងឧប្បទ្ទហេតុដើម្បីការពារនិងទប់ស្កាត់ការសាយភាយសំណល់ប្រេង ចូលទៅក្នុងដីស្រែ និងស្រះទឹកប្រជាពលរដ្ឋ
៤)ក្រុមហ៊ុនត្រូវធ្វើការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងអោយអស់ ប្រមូលនិងទុកដាក់សម្ភារះដែលប្រឡាក់សំណល់អោយបានត្រឹមត្រូវដោយអនុលោមតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថាន
៥)ក្រុមការងារជំនាញត្រូវបន្តសហការជាមួយមន្ទីរពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យការងារសម្អាតសំណល់ប្រេង ដោយបន្តយកសំណាកទឹកនៅទីតាំងដែលអាចទទួលរងផលប៉ះពាល់មកវិភាគ

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ករណីលេចធ្លាយប្រេងចេញពីទូររថភ្លើង បានកើតឡើងនាពេលនេះ ជាលើកទី២ ក្នុងរយៈពេលត្រឹមតែ៤ខែ ចុងក្រោយនៃឆ្នាំ២០២៥។
ករណីទី១ បានកើតឡើងនៅក្នុងសង្កាត់រុនតាឯក ក្រុងបាត់ដំបង នាខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ ការស្តារបរិស្ថាន ទប់ស្កាត់ការបំពុលបរិស្ថាន ត្រូវចំណាយពេលយូរ ប្រើពេលរហូតដល់ទៅ៣ខែទើបអាចរៀបចំឱ្យមានភាពស្អាតឡើងវិញ និងទប់ស្កាត់ការប៉ះពាល់ដលបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ដោយឡែក ករណីលើកទី២នេះ បណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញលេចធ្លាយប្រេងមកក្រៅ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ដោយសំណល់ប្រេងភាគច្រើនបានស្ថិតនៅលើទីតាំងដីចំណីផ្លូវរថភ្លើងដែលទំហំ ៦០០០ ម៉ែត្រការ៉េ។
