ស្ករត្នោតកំពង់ស្ពឺ កំពុងមានតម្រូវការខ្ពស់ ខណៈកម្លាំងពលកម្មថយចុះជាលំដាប់
កំពង់ស្ពឺ : ជាខេត្តដែលល្បីល្បាញថាមានដើមត្នោតច្រើន ខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះកំពុងតែសកម្មក្នុងការផលិតស្ករត្នោត រហូតបង្កើតបានជាម៉ាកផលិតផលប្រចាំតំបន់ និងមានសមាគមមួយសម្រាប់ ប្រមូលយកស្ករត្នោតដែលផលិតបានទៅលក់ចូលទីផ្សារ។
ស្ថិតនៅក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ សមាគមស្ករត្នោតកំពង់ស្ពឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះមាន សមាជិកចំនួន ១៦៥ គ្រួសារ ដែលពួកគេគឺជាកសិករឡើងត្នោតផ្ទាល់តែម្ដង។
នៅក្នុងសហគមទៀតសោត ក៏មាននូវអ្នកជំនាញចាំត្រួតពិនិត្យមើលពីគុណភាព និងការផលិតរបស់សមាជិកនីមួយៗផងដែរ ដើម្បីធានាពីស្តង់ដារនៃផលិតផល មុននឹងនាំចូលក្នុងទីផ្សារ។ រីឯអតិថិជន ដែលជាវស្ករត្នោតនេះគឺមានចម្រុះគ្នា ដោយមានទាំងប្រជាជនក្នុងតំបន់ ជាឈ្មួញដែល ទិញយកទៅចែកចាយបន្ត និងក្រុមហ៊ុនជាដៃគូមួយចំនួនទៀត។
បើនិយាយពីការតម្រូវការស្ករត្នោតវិញ ជំនួយការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្ន មិនមានបញ្ហាណាមួយពាក់ព័ន្ធនឹងទីផ្សារឡើយ និយាយរួមគឺទីផ្សារមានភាពទូលាយ ដោយស្ទើរតែឆ្នាំខ្លះផ្គត់ផ្គង់តម្រូវការក្រុមហ៊ុនដៃគូមិនគ្រប់ផង។
លោក វី វាសនា បានបន្តរៀបរាប់ទៀតថា៖ «កាលពីឆ្នាំ២០២២កន្លងទៅ តម្រូវការទីផ្សារស្ករត្នោត ប្រភេទម្សៅមាន ១៥០តោន ប៉ុន្តែយើងអាចផ្គត់ផ្គង់ជូនដល់ពួកគាត់បានត្រឹមតែ ៧០តោនទេ…ហើយបើឆ្នាំនេះក៏គេត្រូវការប្រហាក់ប្រហែលគ្នាដែរ ប៉ុន្តែ៣ខែនេះ យើងទើបតែប្រមូល បានជាង ៣០តោនប៉ុណ្ណោះ»។
ការប្រមូលបានតិចតួចនេះ បានបង្ករជាការព្រួយបារម្ភមួយទៅដល់សមាគម ថាអាចនឹងប៉ះពាល់ដល់ ការរកចំណូលប្រជាពលរដ្ឋដែលជាអ្នកផលិតនៅថ្ងៃខាងមុខ។ រីឯមូលហេតុពីការថយចុះនៃកម្លាំង ពលកម្មនេះ ក៏ដោយសារតែ កសិករដែលប្រកបរបរនេះច្រើនតែមានវ័យចំណាស់ ដែលដល់ពេល ណាមួយ ពួកគាត់មិនអាចបន្តឡើងត្នោតទៀតនោះទេ។
ជាមួយគ្នានេះ កម្លាំងពលកម្មដែលស្ថិតក្នុងវ័យពេញកម្លាំង បែរជាមិនមានអ្នកចាប់អារម្មណ៍ចង់ធ្វើ ដោយភាគច្រើនប្រជាជនដែលមានវ័យ ៣០ ទៅ ៤០ឆ្នាំ សុខចិត្តជ្រើសរើសយកការងារសំណង់ ឬការងាររោងចក្រទៅវិញ។
ម្យ៉ាងទៀតដោយសារតែ ខេត្តកំពង់ស្ពឺកាន់តែមានការកើនឡើងនៃរោងចក្រ សហគ្រាសផង ដូច្នេះហើយ មនុស្សពេញវ័យច្រើនតែសំដៅទៅទីនោះ ដែលនាំឱ្យកម្លាំងពលកម្មផលិតស្ករត្នោត មិនមានភាពទៀតទាត់។
លោក វី វាសនា បន្តថា៖ «ហើយបញ្ហាប្រឈមមួយទៀត គឺតំបន់យើងជាតំបន់អភិវឌ្ឍន៍ អញ្ចឹងដើមត្នោតរបស់យើងត្រូវបានកាប់ដោយសារការអភិវឌ្ឍដីឡូត៍ គេឈូសឆាយ អញ្ចឹងវាជាបញ្ហាប្រឈមមួយទៀត ប៉ុន្តែយ៉ាងណាមិញខាងសមាគមតែងតែចុះបង្រៀន និងចុះណែនាំ ទៅដល់កសិករដើម្បីទប់ស្កាត់ការកាប់ត្នោត ទោះបីជាគាត់លក់ដីក៏ដោយសុំឲ្យគាត់រក្សាដើមត្នោត…យើងបានចុះណែនាំច្រើន ហើយក៏ឃើញមានប្រសិទ្ធភាពដែរ រហូតដល់កសិករមួយចំនួនគាត់យល់ គាត់បានដាំដើមត្នោត នៅតាមចម្ការគាត់ទៀតផង»។
បើទោះបីជាយ៉ាងនេះក្ដី បញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្នក៏នៅតែជាបញ្ហាធំមួយ ដែលទាមទារ ការដោះស្រាយ ព្រោះបើពុំនោះទេ ការផលិតនឹងកាន់តែធ្លាក់ចុះ ហើយសេដ្ឋកិច្ចរបស់ប្រជាកសិករ ក្នុងខេត្តកំពង់ស្ពឺក៏នឹងអាចធ្លាក់ចុះទៅតាមនោះដែរ។ អ្វីដែលធ្វើបាននៅពេលនេះ គឺប្រជាជនក្នុងស្រុកគួរចូលរួមគាំទ្រផលិតផលស្ករត្នោតកំពង់ស្អឺ ហើយសម្រាប់ប្រជាកសិករក៏គួរតែ ចូលរួមជាសមាជិករបស់សមាគមបន្ថែម ដើម្បីបង្កើនការផលិតឱ្យគ្រប់តម្រូវការទីផ្សារ៕